សម្ដេចតេជោបញ្ជាឱ្យផ្អាកការតេស្តរហ័សជំងឺកូវីដ១៩ ទៅលើពលរដ្ឋដែលមិនមាន ការសង្ស័យ

0

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាឱ្យអ្នកពាក់ព័ន្ធ ផ្អាកការធ្វើតេស្តរហ័សទៅលើពលរដ្ឋទូទាំងប្រទេស ដែលមិនមានការសង្ស័យពីជំងឺកូវីដ១៩។

ការធ្វើតេស្តរហ័សនេះ គឺចាំបាច់ធ្វើតែតំបន់ណា ដែលមានហានិភ័យនិងទៅលើពលរដ្ឋ ដែលមានការសង្ស័យរួចហើយ ត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងម៉ាស៊ីន PCR ទើបដឹងច្បាស់ពីលទ្ធផល។

សម្ដេចតេជោបានថ្លែងតាមសារអេឡិចត្រូនិកឱ្យដឹងទៀតថា ការធ្វើតេស្តរហ័សទៅលើមនុស្សទូទៅ គឺមិនអាចរៀនរស់ជាមួយកូវីដ១៩បានទេ ពីព្រោះផ្ដាសាយធម្មតាក៏ធ្វើតេស្តទៅឃើញវិជ្ជមាន ក្នុងពេលប្រជាជនអត់មានឈឺអីទាំងអស់ ដូច្នេះបើអ្នកមិនមានការសង្ស័យទៅលើកូវីដ១៩ មិនចាំបាច់ធ្វើតេស្តរហ័សជូនពួកគាត់ទេ ពីព្រោះបើធ្វើបែបនេះជាប្រចាំវាខ្ទេចច្រមុះអស់ហើយ។

សម្ដេចបន្តថា “នៅប្រទេសវៀតណាមគេធ្វើតេស្តរហ័ស ឃើញដល់ទៅ១៥ម៉ឺននាក់ តែគេអត់បូកបញ្ចូលទៅក្នុងបញ្ជីទេ”។

សម្ដេចតេជោបានបន្ថែមថា យើងមិនបោះបង់ការធ្វើតេស្តរហ័សទេ ប៉ុន្តែមិនមានសុខៗ ទៅឃ្លុំបេភូមិមួយហើយយកប្រជាជនមួយភូមិនោះ មកធ្វើតេស្តរហ័សនោះទេ យើងធ្វើតេស្តរហ័សចំពោះតែជន ដែលមានការសង្ស័យ ហើយបើសិនជាតេស្តឃើញនិងមានអាការស្រាលសូមជូនថ្នាំ ឱ្យគាត់និងយកសំណាក់ទៅផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ។

សម្ដេចបន្តថា “សូមឈប់គិតតែរុកច្រមុះ រុកបំពង់ករួចហើយជូនថ្នាំឱ្យលេប ក្នុងពេ​លមនុស្សអត់មានឈឺអីសោះ អញ្ចឹងសូមផ្អាកពីរឿងរុកច្រមុះរុកបំពង់កនេះទៀតទៅ”។

សម្ដេចបន្ថែមថា ដំណើរឆ្ពោះទៅរកការបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញក៏ដូចជាការរៀនរស់នៅជាមួយកូវីដ១៩ ទើបយើងអាចដោះស្រាយបញ្ហាបាន បើមិនអញ្ចឹងគឺថាតិចៗបិទភូមិ បិទឃុំ ក្នុងពេលដែលគាត់មិនមានជំងឺ ដូច្នេះសូមស្នើឱ្យខេត្តនានាបញ្ឈប់ការរុករកនៅតាមភូមិ តាមឃុំ ដោយការធ្វើតេស្តរហ័ស ប៉ុន្តែ យើងនឹងធ្វើតេស្តរហ័ស នៅពេលដែលគាត់សង្ស័យខ្លួនគាត់ថាមានជំងឺនេះ និងស្មគ្រចិត្តមកធ្វើនៅទីតាំងដែលប្រចាំការ។

សម្ដេចបបញ្ជាក់ថា យើងត្រូវយកចិត្តទុកដាក់សំខាន់បំផុត ទៅលើការកត្តាមួយចំនួនដូចជាបើសិនជាមានរោគសញ្ញាកើតឡើង យើងត្រូវធ្វើតេស្តឱ្យគាត់និងព្យាបាល      ឱ្យគាត់ ហើយបើសិនជាមានជំងឺធ្ងន់ គឺរុញគាត់ចូលមន្ទីរ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជួយសង្គ្រោះជីវិតគាត់។

សម្ដេចបន្តថា “យើងមានវ៉ាក់សាំងហើយសម្រាប់ចាក់ជូនពួកគាត់ ហើយពួកគាត់ក៏បានស្រែកថា គិតតែពីរុកច្រមុះទាំងដែលពួកគាត់អត់មានអាការៈអ្វីសោះ ដូច្នេះសូមផ្អាកចាប់ពីពេលនេះតទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here