ដោយៈសិរី ជេស៊ីកា
កែបៈ គំរោងវិនិយោគសណ្ឋាគារកម្រិតផ្កាយ៥ និងសេវាកម្មបដិសណ្ឋារកិច្ចទេសចរណ៍តម្លៃ១៤៣០លានដុល្លាររបស់លោកឧកញ៉ាទ្រី ភាពបានចាប់ផ្តើមដំណើរការសាងសង់ហើយ។
គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនេះ ស្ថិតនៅលើផ្ទៃដី១៤០ហិកតា នៅកោះទន្សាយ ជាកោះល្បីល្បាញជាងគេនៅក្នុងខេត្តកែប។
អភិបាលរងខេត្តកែប លោក វ៉ៅ សុខាបានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។
គម្រោងវិនិយោគកោះទន្សាយនេះ ទទួលបានលិខិតអនុញ្ញាតវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើការវិនិយោគរីសត មានដូចជាសណ្ឋាគារផ្កាយ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្តតាមឆ្នេរ និងការជិះកន្រ្តកលើអាកាសជាដើម។
លោក វ៉ៅ សុខាបានបន្តថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើផ្ទៃដី១៤០ហិកតា ហើយ ការអភិវឌ្ឍចែកជាដំណាក់កាលៗ។
លោកបានបន្តថា “នៅពេលមានការអភិវឌ្ឍ គម្រោងវិនិយោគនៅលើកោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយក៏ជាការរួមចំណែកដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តកែបទាំងមូលផងដែរ”៕
គួរបញ្ជាក់ថា មុនក្រុមហ៊ុន ទ្រី ភាព គ្រុប រដ្ឋាភិបាលធ្លាប់បានប្រគល់សិទ្ធិវិនិយោគលើកោះទន្សាយចំនួន ២ក្រុម ប៉ុន្តែអាជ្ញាបណ្ណត្រូវបានដកមកវិញ បន្ទាប់ពីក្រុមហ៊ុនមិនមានសកម្មភាពអភិវឌ្ឍន៍តាមផែនការ។