កំនើនប្រជាសាស្រ្ត បានធ្វើឲ្យខណ្ឌកំបូលកាន់តែរីកសាយទៅលើការអភិវឌ្ឍលំនៅឋាន

0

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញកាន់តែទទួលបានការចាប់អារម្មណ៍ ទៅលើការអភិវឌ្ឍលំនៅឋាន ជាពិសេសប្រភេទលំនៅឋានលក្ខណៈជាបុរី និងលំនៅឋានលក្ខណៈអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ជាក់ស្ដែងនៅក្នុងកំបូល កំពុងទទួលបានការអភិវឌ្ឍកាន់តែខ្លាំង ទៅលើបុរីទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។

បើនិយាយពីកំបូលគេគិតដល់អតីតទីតាំងថ្លឹងរថយន្ត ឬបញ្ជរបង់ប្រាក់សម្រាប់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ។ បច្ចុប្បន្ននេះ តំបន់កំបូលកំពុងទទួលបានការវិនិយោគយ៉ាងសកម្មទៅលើលំនៅឋានប្រភេទជាបុរី ដោយក្នុងនោះគេឃើញថា បុរីពិភពថ្មីរបស់អ្នកឧកញ៉ាហុងពីវ កំពុងមានសកម្មភាពខ្លាំងជាងគេក្នុងតតំបន់នោះ។ នេះមិនទាន់រាប់បញ្ចូ​លពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនទៀត នៅក្នុងទឹកដីនៃខណ្ឌកំបូលផង។

អ្នកជំនាញអចលនទ្រព្យមើលឃើញថា ទីតាំងមានតម្រូវការទីនោះ នឹងមានការអភិវឌ្ឍ ដើម្បីបំពេញទៅតាមតម្រូវការ ហើយខណ្ឌកំបូល ថ្វីត្បិតតែជាតំបន់ជាយក្រុងពិតមែន តែ សក្ដានុពលអភិវឌ្ឍន៍លំនៅឋាននៅតំបន់នោះក៏មិនចាញ់តំបន់ផ្សេងៗដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ប៉ែកខាងលិច ត្រូវបានចាត់ទុកជាតំបន់មួយ ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍទៅលើលំនៅឋាន ពីព្រោះតំបន់នេះមានបណ្ដុំរោងចក្រឧស្សាហកម្មច្រើន មានហេដ្ឋារចនាសម្ព័ន្ធក៏ងាយស្រួល តភ្ជាប់ពីភ្នំពេញទៅកាន់តំបន់នោះផ្ទាល់ ដូច្នេះតម្រូវការលំនៅឋានវាពិតមានច្រើនជាក់ជាមិនខាន។

លោកបន្តថា “បច្ចុប្បន្នតំបន់មួយចំនួន នៅជាយក្រុងនឹងក្លាយជាតំបន់ក្នុងក្រុងវិញដោយសារតែផែនការពង្រីក ទីក្រុងរងបស់រាជរដ្ឋាភិបាល ហើយពេលនោះតម្រូវការដីធ្លីនិងផ្ទះសំបែងក៏កាន់តែមានច្រើនថែមទៀត ជាមួយនឹងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញ”។

ទោះបីជាខណ្ឌមួយនេះ កំពុងទទួលបានកំណើនអភិវឌ្ឍន៍លើលំនៅឋានក្ដី តែ តំបន់នេះ មិនទាន់មានការអភិវឌ្ឍលើផ្សារទំនើបធំៗនៅឡើយ ហើយប្រជាជនដែលត្រូវការទិញទំនិញក្នុងផ្សារទំនើប ត្រូវធ្វើដំណើរមកកាន់ទីក្រុង ដែលត្រូវចំណាយពេលវេលា ។

យ៉ាងណាក្ដីប្រភពក្រៅផ្លូវការ បានបញ្ជាក់ថានៅពេលឆាប់ៗនេះខណ្ឌកំបូល ជាពិសេសនៅទឹកដីកំបូលតែម្ដង នឹងមានការអភិវឌ្ឍផ្សារទំនើបធំមួយ សម្រាប់បម្រើសេចក្តីប្រកាសរបស់ប្រជាជននៅទីនោះ ខណៈបុរីពិភពថ្មីមួយមានផ្ទះរាប់ម៉ឺនល្វែងទៅហើយមកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here