ដោយៈគង់ សូរិយា
ភ្នំពេញៈ និយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើឱ្យម្ចាស់បុរីទាំងអស់ជួយរឹងបន្ដឹង និងឃ្លាំមើលលើរាល់ការស្នើសុំសាងសង់បង្គោលអង់តែនទូរស័ព្ទ បណ្តាញខ្សែកាប្លិ៍អុបទិក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានាក្នុងបុរី ដើម្បីបង្កាគ្រោះថា្នក់ដល់អ្នកស្នាក់នៅ។
យោងតាមលិខិតលេខចុះថ្ងៃទី៣០ ខែកញ្ញា ការស្នើសុំនេះធ្វើឡើង ក្រោយមានការសង្កេតឃើញថា ពីការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ អុបទិកដោយខុសច្បាប់ ដោយគ្មានលិខិតពីអនុញ្ញាតពីនិយ័តករ ទូរគមនាគមន៍កម្ពុជា ដែលកើតមានជាបន្តបន្ទាប់ក្នុងបុរីនានា។
តាមរយៈសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ត្រូវយកចិត្តទុកអនុវត្តន៍ នូវកិច្ចការមួយចំនួនដូចជា ទី១ ពិនិត្យឯកសារឱ្យបានច្បាស់លាស់ មុននឹងផ្តល់ការអនុញ្ញាតឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ក្នុងបរិវេណបុរីរបស់ខ្លួន ជាពិសេសគ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) និងទី២ ណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ណា ដែលមិនទាន់មានលិខិតអនុញ្ញាតពីឱ្យមកដាក់ ពាក្យស្នើសុំពីនិយ័តករទូរគមនាគមន៍កម្ពុជា។
គ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) អាចបង្កឲ្យមានការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុ បង្កគ្រោះថ្នាក់ និងហានិភ័យដល់អ្នកប្រើប្រាស់ ប្រសិនបើមិនមានការអនុញ្ញាត និងបញ្ជាក់ពីស្តង់ដារបច្ចេកទេសត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច៕