អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េតចែករំលែកគន្លឹះបីចំណុចដល់យុវជន ដើម្បីក្លាយជាសហគ្រិនវ័យក្មេង

0

ដោយៈសុផារី

ភ្នំពេញៈ ក្នុងសម័យបច្ចេកវិទ្យាទំនើប យើងសង្គេតឃើញថា យុវវ័យសម័យថ្មីមួយ​ចំនួនបានចំណា​យពេលវេលាដ៏មានតម្លៃក្នុងផ្លូវខុស ជាហេតុធ្វើឱ្យការចាប់ផ្តើមសហគ្រិនរបស់ពូកគាត់មិនសូវទទួលបានជោគជ័យនោះទេ។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group បានមានប្រ​សាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០១កន្លងមក ដោយបានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីក្លាយជាសហគ្រិនវ័យក្មេងម្នាក់។

១. រៀនរកចំណេះនិងជំនាញពីគ្រូបង្គោលម្នាក់

សហគ្រិនវ័យក្មេងគ្របរូប គួរយកពេលវេលារៀនសូត្រ ប្រមូលចំណេះនិងជំនាញក្នុងការអនុវត្ត និងការអភិវឌ្ឍខ្លួនយ៉ាងតិចក្នុងរយៈពេល5ឆ្នាំ។

អ្នកឧកញ៉ាថ្លែងថា “ប្រសិនបើយើងរកស៊ីខាត យើងអាចធ្វើជំនួញរកបានលុយវិញ ប៉ុន្តែបើខាតពេលវេលាហើយ យើងមិនអាចត្រឡប់ទៅកាន់អតីតកាលបានឡើយ”។ អ្នកឧកញ៉ាបានបន្ថែមថា “ប្រសិនបើចង់ក្លាយជាអ្នកមាន ត្រូវតែមានចំណេះ និងជំនាញសិន តាមរយៈការរៀនយកទ្រឹស្ដីពីសាលារៀន ធ្វើការនិងអនុវត្តយកជំនាញ ពីក្រុមហ៊ុនណាមួយ ជាមូលដ្ឋានសម្រាប់ការបើកសហគ្រិនដោយខ្លួនឯង”។

២. ចាប់ផ្តើមពីចំណុចតូចៗ គ្រប់យ៉ាងត្រូវស្គាល់ចំណុចលេខ១ ពីតូចទៅធំ

គ្រប់យ៉ាងត្រូវឆ្លងកាត់ចំណុចលេខ១ជានិច្ច ត្រូវអាប់ដេតនិងចាប់ផ្តើមយ៉ាងណា?អ្នកឧកញ៉ាបណ្ឌិតបានពន្យល់ថា “កុំចាំទាល់តែហួសពេល ត្រូវតែចាប់ផ្តើមអនុវត្តន៍ដោយមិនអាងថា មានលុយច្រើនឬជាកូនអ្នកមាននោះឡើយ”។

៣. ត្រូវតែមានសង្ឃឹម តស៊ូប្រឹងប្រែងឈានទៅមុខ

ក្នុងការបង្កើតសហគ្រិន តែងតែមានឧបសគ្គជានិច្ច ជាពិសេសគ្មានបទពិសោធន៍ គ្មានជំនាញច្បាស់លាស់។ ដូច្នេះជាការណែនាំ សហគ្រិនត្រូវសិក្សាពីជំនួយឱ្យបានច្បា​ស់លាស់ អាប់ដេតនិងដឹងពីកន្លែងចាប់ផ្តើម។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានអះអាងថា “នៅពីក្រោយអ្នកជោគជ័យ សុទ្ទតែជា បទពិសោធន៍ ឧបសគ្គ និងបញ្ហាទាំងអស់”។ អ្នកឧកញ៉ាបន្ថែមថា “នៅលើវិថីជោគជ័យ គ្មានទេដានជើងអ្នកខ្ជិលនឹងអ្នកមិនធ្វើ ហើយនៅលើផ្លូវនេះ គ្មានទេការមិនមានឧបសគ្គនិងបញ្ហា”។

អ្នកឧកញ៉ាបានលើកនូវមូលដ្ឋាននៃការវិភាគ និងសម្រាប់ពិចារណាថា “យើងអាចដើរលើផ្លូវគ្មានស្បែកជើងបាន តែយើងមិនអាចដើរលើវិថីជីវិតគ្មានគោលដៅទេ។ ក្តីសង្ឃឹមនៅតែមាន ការតស៊ូនៅតែមាន ការតស៊ូប្រឹងប្រែងទៅមុខ មិនថយក្រោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here