គណៈកម្មាធិការសភាពាណិជ្ជកម្មថៃជំរុញឱ្យមានការកំណត់តំបន់និងច្បាប់សម្រាប់ជនបរទេសដែលទិញខុនដូក្នុងប្រទេសថៃ

0

ដោយៈ សុផារី

ប្រទេសថៃៈ អ្នកជំនាញអចលនទ្រព្យរបស់ថៃ ចង់ឃើញវិធានការអនុវត្តការគ្រប់​គ្រងកម្មសិទ្ធិបរទេស ដែលមានការកំណត់តំបន់និងការកំណត់ទំហំ ដើម្បីធ្វើឱ្យរក្សាតុល្យភាពតម្លៃលំនៅដ្ឋានថៃ ស្របពេលដែលរដ្ឋាភិបាលថៃ ចង់ទាក់ទាញជនបរទេសឱ្យផ្លាស់ទីលំនៅមកកាន់ប្រទេសថៃបន្ថែមទៀត។

លោក អ៊ីសារ៉ា ប៊ុនយ៉ុង( Issara Boonyoung) ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អចលនទ្រព្យរបស់សភាពាណិជ្ជកម្មថៃបាននិយាយថា មនុស្សជាច្រើនមានការព្រួយបារម្ភអំពីវិធានការថ្មីៗរបស់គណៈរដ្ឋមន្ត្រី ក្នុងការជម្រុញជនបរទេស ដែលមានទ្រព្យសម្បត្តិ មកទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ។

លោកបានមានប្រសាសន៍ថា “កូតាកម្មសិទ្ធិអចលនទ្រព្យបរទេស ដែលខ្ពស់រហូតដល់ជាង៤៩% មិនមែនជារឿងថ្មីទេ។ វាត្រូវបានអនុវត្តន៍នៅឆ្នាំ១៩៩៩ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ដោយសាររដ្ឋាភិបាលចង់ស្តារសេដ្ឋកិច្ចថៃឡើងវិញ”។ លោកបន្តថា “ទោះយ៉ាងណា មានតែគម្រោងមួយចំនួនប៉ុណ្ណោះ ដែលអាចធានាកម្មសិទ្ធិបរទេសបានជាង ៤៩% ដោយសារជនបរទេសមិនមានទំនុកចិត្តលើសេដ្ឋកិច្ចថៃនោះឡើយ” ។

លោកបានបន្តថា ឥឡូវនេះអចលនទ្រព្យថៃ មានភាពទាក់ទាញក្នុងចំណោមជនបរទេស ដែលកំពុងស្វែងរកទិញ ផ្ទះទីពីរសម្រាប់វិស្សមកាលឬក្រោយចូលនិវត្តន៍។

លោកអ៊ីសារ៉ាបាននិយាយថា ដើម្បីបង្កើនការលក់ដល់អ្នកទិញបរទេស និងជៀសវាងផលប៉ះពាល់ដល់ប្រជាជនក្នុងតំបន់ រដ្ឋាភិបាលគួរតែប្រើបទបញ្ជា ដូចជាការកំណត់តំបន់ជាដើម។ ឧទាហរណ៍ ចំនួនកម្មសិទ្ធិបរទេសលើសពី៤៩% សម្រាប់គម្រោងខុនដូមិនគួរស្ថិតនៅក្នុងតំបន់កសិកម្ម ដើម្បីការពារការកាន់កាប់ដីដោយប្រយោល។

លោកបានមានប្រសាសន៍ថា “តម្លៃខុនដូដែលអនុញ្ញាតឱ្យមានជនបរទេស មានសិទ្ធិកាន់កាប់ គួរតែមានតម្លៃ១០លានបាតឬខ្ពស់ជាងនេះ ដើម្បីរក្សាតម្លៃសមរម្យសម្រា​ប់ប្រជាជនថៃ” ។

លោក Suthikorn Kingkaew នាយកស្រាវជ្រាវនៅវិទ្យាស្ថាន Future Innovative Thailand បាននិយាយថា រដ្ឋាភិបាលគួរតែគ្រប់គ្រងចំនួន ដែលជនបរទេសអាចទិញបាន ដូចជា ដាក់ចេញច្បាប់អនុញ្ញាតឱ្យទិញបានមួយឯកតា ក្នុងមួយលិខិតឆ្លងដែនជាដើម។

លោក Suthikorn បានមានប្រសាសន៍ថា“ ជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យទិញខុនដូថ្មី មិនមែនជាខុនដូចាស់ទេ ព្រោះការអភិវឌ្ឍថ្មីអាចជំរុញកំណើនសេដ្ឋកិច្ច” ។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ទំហំខុនដូដែលបានផ្ទេរទៅជនបរទេសពីឆ្នាំ២០១៨-២០២០ មានចំនួន១,៤០៨,៣១០ម៉ែត្រការ៉េ ក្នុងនោះទីក្រុងបាងកក មានទំហំ ៧៧៧,៩៦១ ម៉ែតការ៉េស្មើនឹង៥៥,២%។ ទីពីរនៅតំបន់ខាងកើត គឺ ៤៣៣,៣៩៩ ម៉ែត្រការ៉េ (៣០.៨%) បន្ទាប់មកតំបន់ភាគខាងជើងមាន ១០២,៩០២ ម៉ែត្រការ៉េ (៧.៣%) ។

យោងតាមទីភ្នាក់ងារព័ត៌មាន REIC ជនជាតិបរទេសដែលទិញខុនដូលំដាប់ទី ១ គឺ ជាជនជាតិចិន ដែលភាគច្រើនផ្តោតលើទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសាមុតប្រាកាន។ ជនជាតិរុស្ស៊ីស្ថិតនៅលំដាប់ទី ២ តាមដោយជនជាតិអង់គ្លេស ជនជាតិបារាំង និង ជនជាតិជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here