សុខុម
តូក្យូ: បណ្ដាក្រុមហ៊ុនបរទេស និងពួកអ្នកមាននៅចិនប៉េកាំង និងក្រុងហុងកុង កំពុងសម្រុកទិញអចលនទ្រព្យក្នុងប្រទេសជប៉ុន រួមទាំងតំបន់ដីព្រៃផងដែរ ដោយធ្វើឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាជនជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ តុលា។
រដ្ឋបាលព្រៃឈើជប៉ុន និយាយថា ទំហំដីព្រៃដែលជនបរទេសបានទិញក្នុងប្រទេសជប៉ុន បានឈានដល់២.៣៧៦ហិកតាហើយគិតពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ដោយកោះហុកកៃដូ (Hokkaido) មានចំនួនច្រើនជាងគេបង្អស់សម្រាប់ការវិនិយោគបែបនេះ ខណៈហ៊្វូគូស៊ីម៉ា (Fukuoka) ជាប់ចំណាត់ថ្នាក់លេខ៤។
-->
ឈ្មួញទិញដីធ្លីមកពីប្រទេស និងតំបន់ជាច្រើនខុសៗគ្នា ប៉ុន្តែប្រទេសចិន រួមទាំងក្រុងហុងកុង ផងបានជាប់ចំណាត់ថ្នាក់កំពូល ដោយទិញដីធ្លីបាន៩៦៩ហិកតាដែលស្មើប្រមាណ៤០%នៃចំនួនសរុប។
ទោះជាយ៉ាងណា តួលេខដែលផ្ដល់ដោយរដ្ឋបាលព្រៃឈើជប៉ុន នេះមិនរាប់បញ្ចូលការលក់ដីឯកជននោះទេ ពោលគឺទិន្នន័យនេះតិចតួចតួចណាស់បើធៀបទៅនឹងតួលេខជាក់ស្ដែង។ នៅពេលឈានដល់ការទិញដីឯកជន ឈ្មួញមកពីប្រទេសចិន និងក្រុងហុងកុង តែងតែសម្រុកទិញដីក្នុងប្រទេសជប៉ុន។
ហេតុអ្វីបានជាពួកគេចាប់អារម្មណ៍លើអចលនទ្រព្យក្នុងប្រទេសជប៉ុន ខ្លាំងម៉្លេះ?
នៅពេលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តានតឹង ហើយរដ្ឋាភិបាលចិន ចាត់វិធានការកាន់តែក្ដៅលើការទិញអចលនទ្រព្យទុកលក់បន្តយកចំណេញនោះ អចលនទ្រព្យក្នុងប្រទេសជប៉ុន បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋចិន ដែលជាអ្នកមានស្ដុកស្ដម្ភ ដោយពួកគេសម្រុកទិញទុកជាការវិនិយោគមានហានិភ័តទាប ព្រោះការគ្រប់គ្រងលើវិស័យអចលនទ្រព្យក្នុងប្រទេសនេះមានភាពធូររលុង។
ទន្ទឹមនេះការប្រែប្រួលឡើងចុះនូវតម្លៃអចលនទ្រព្យក្នុងប្រទេសជប៉ុន ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ និងការអភិវឌ្ឍឡើងវិញនូវតំបន់ក្រុងទ្រង់ទ្រាយធំៗ ក៏ទាក់ទាញឈ្មួញដីធ្លីបរទេសផងដែរ។
អ្នកជំនាញមួយចំនួនបានបង្ហាញសុទិដ្ឋិនិយមថា ឈ្មួញដីធ្លីនឹងសម្រុកទិញដីក្នុងប្រទេសជប៉ុន កាន់តែខ្លាំង នៅពេលវិបត្តិកូវីដ-១៩ ចប់។
ផ្នែកតាមទិន្នន័យស្ទាបស្ទង់ពីក្រុមហ៊ុនអចលនទ្រព្យតាមអនឡាញធំបំផុតនៅអាស៊ី ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានចុះផ្សាយកាលពីខែឧសភា បង្ហាញថា ២៧%នៃវិនិយោគិនចិន មានគម្រោងទិញអចលនទ្រព្យនៅបរទេសក្នុងរយៈពេល២ឆ្នាំក្រោយ ចំណែកឯ៤៧%ទៀតនិយាយថា ពួកគេប្រហែលជាទៅពិនិត្យមើលស្ថានភាពអចលនទ្រព្យ នៅពេលពួកគេធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ក្រោយពីវិបត្តិកូវីដ-១៩ ថមថយ។
យោងតាមការស្ទាបស្ទង់នោះបង្ហាញថា ប្រទេសជប៉ុន ស្ថិតក្នុងចំណោមគោលដៅកំពូលៗសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសក្នុងគោលបំណងបែបនេះ៕ Japan Times ៕