អ្នក​ដាំដំឡូង​មី​កាន់តែ​មានសង្ឃឹម ខណៈ​រដ្ឋាភិបាល​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​មូលនិធិ ជំរុញ​ការអភិវឌ្ឍ

0

ដោយ​វុត្ថា

       ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មូលនិធិ នៃ​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី ប្រកបដោយ​បរិ​យា​ប័ន្ន​រវាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន Green Leader។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ សីហា​ខាងមុខនេះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​រួម​រវាង​ស្ថាប័ន​ទាំងពីរ ក្នុងការ​សម្រេច​អោយបាន​នូវ​ការអភិវឌ្ឍ ប្រកបដោយ​និរន្ត​រា​ភាព នៃ​វិស័យ​ដំឡូង​មី​ស្របតាម​អាទិភាព ក្នុង​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី។

កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​បង្ហាញ​ភាពជា​ដៃគូ រវាង​អង្គការ UNDP និង​ក្រុមហ៊ុន Green Leader ក្នុងការ​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​ការបង្កើត និង​អនុវត្តន៍​គម្រោង​ជំរុញ​ទីផ្សារ​ដំឡូង​មី ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​បង្កើន​ការនាំចេញ​ផលិតផល​ដំឡូង​មី​ស្រស់​ទៅកាន់​ទីផ្សារ​សកល។

ក្នុង​ពិធី​ចុះ​ហ​ត្ថេ​ល​ខា​នេះ នឹងមាន​ការចូលរួម​ជា​សាក្សី ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា លោក Xiong Bo អគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Haoliang Xu នាយក​UNDPប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​លោកស្រី Pauline Tamesis នាយិកា​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

តាមរយៈ​កិច្ចព្រមព្រៀង​មូលនិធិ​រួមគ្នា​នេះ គឺជា​ការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​ការបង្កើត និង​អនុវត្តន៍​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី ប្រកបដោយ​បរិ​យ​ប័ន្ន ក្នុង​គោលបំណង​បង្កើន​ការនាំចេញ​ផលិតផល​ដំឡូង​មី​ស្រស់ ទៅកាន់​ទីផ្សារ​សកល ខណៈដែល​គុណភាព តម្លៃបន្ថែម​របស់​វា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ លើសពីនេះ​ទៀត​គម្រោង​នេះ ក៏មាន​គោលដៅ​ធានា​និរន្តរភាព​ទីផ្សារ ដ៏​មាន​ស្ថិរភាព​មួយ​សម្រាប់​កសិករ​កម្ពុ​ជា។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា និន្នាការ និង​ការរំពឹងទុក​បានបង្ហាញ​ថា តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នឹងមាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ដំឡូង​មី តាមរយៈ​ការពង្រឹង និង​ពង្រីក​ផលិតកម្ម ការកែច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំចេញ សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​នាពេល​អនាគត។

លោក​បន្តថា ប៉ុន្តែ​ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​នេះ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការវិនិយោគ​បន្ថែម និង​ការឯកភាព​ជា​ធ្លុង​មួយ​រវាង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា ដូចជា ភាពទន់ខ្សោយ​ខ្សែចង្វាក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការផ្គត់ផ្គង់​មិន​ទៀត​ទាត់ និង​គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី ដែលជា​កត្តា​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា។

យោងតាម​របាយការណ៍​ពី​អគ្គនាយដ្ឋាន​កសិកម្ម​បាន​បង្ហាញថា កាលពី​ឆ្នាំ២០១៧ កន្លងទៅនេះ ការនាំចេញ​ផលិតផល​ចំណិត​ដំឡូង​មី​ក្រៀម ទៅកាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង២,៣លាន​តោន ខណៈដែល​ការនាំចេញ​ដំឡូង​មី​ស្រស់​វិញ​មាន​រហូតដល់​ជាង៧៥ម៉ឺន​តោន។ ប្រទេស​ថៃ និង​វៀតណាម ត្រូវបាន​ចាត់ទុកថា ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា ខណៈដែល​ទីផ្សារ​នាំ​ចេញទៅ​ចិន​ផ្ទាល់​ហាក់​នៅមាន​តិចតួច​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here