ដោយៈសុផារី
ស្ទឹងត្រែងៈ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាបេតុងមួយកន្លែងប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គ្រោងនឹងបញ្ចប់នៅការដ្ឋាននៅចុងខែធ្នូ ឆ្នាំ២០២១។
លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្តបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ដើមឡើយ ស្ពានអូរបាដើមនេះ គឺជាស្ពានដែកបាឡេ ដែលមានលក្ខណៈ ចាស់ទ្រុឌទ្រោម នឹងបានរងការខូចខាតផងដែរ។ ក្រោយពីមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទើបរាជរដ្ឋាភិបាលក៏បានជំរុញឲ្យស្ថាបនាឡើងវិញ ដោយធ្វើជាស្ពានបេតុង នេះហើយនឹងត្រូវដាក់ឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបាននាចុងឆ្នាំ២០២១ ខាងមុខនេះ។
លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ជំរុញមន្ត្រីជំនាញទាំងអស់ត្រូវសាងសង់ស្ថាបនា ស្ពានបេតុងមួយនេះឲ្យមានភាពរឹងមាំ និងយូអង្វែង ដោយមិនបង្កផលលំបាកដល់ប្រជាពលរដ្ឋ ក្នុងតំបន់មានការលំបាកធ្វើដំណើរទៀតឡើយ ដោយមិនចាំបាច់ព្រួយបារម្ភពីផលលំបាក់ដូចពីមុនៗទៀតឡើយ។
ក្នុងនោះដែរ លោក ស្វាយ សំអ៊ាង បានណែនាំមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យជាប់ជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសាងសង់ស្ពានបេតុង នេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ដោយក្នុងនោះដែរ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវ ស្ពាន ជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូច សេដ្ឋកិច្ច របស់ប្រទេសជាតិយើងផងដែរ៕