ដោយៈសុខុម
សេអ៊ូល: ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមខ្នាតយក្ស Facebook នៅថ្ងៃច័ន្ទ ទី១៨ តុលា នេះបានប្រកាសផែនការជួលមនុស្ស រហូតដល់ទៅ១០.០០០នាក់នៅសហភាពអឺរ៉ុប ដើម្បីបង្កើតពិភព Metaverse ដ៏អស្ចារ្យ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times បានឱ្យដឹងថា ការបង្កើតពិភព Metaverse នេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook។
តើអ្វីទៅជា Metaverse?
Metaverse គឺជាពិភពសិប្បនិម្មិត ដែលអាចឱ្យយើងចូលលេងទីនោះបានតាមរយៈការភ្ជាប់អ៊ីនធឺណិត និងពាក់វែនតាបច្ចេកវិទ្យារបស់ VR (Virtual Reality)។ ពេលភ្ជាប់រួចរាល់ហើយ វានឹងធ្វើឱ្យមនុស្ស២នាក់ ដែលនៅកន្លែងផ្សេងគ្នាមានអារម្មណ៍ហាក់ដូចជួបគ្នាគ្នាដោយផ្ទាល់យ៉ាងអស្ចារ្យ ទោះបីជាពួកគេនៅឆ្ងាយពីគ្នាចម្ងាយរាប់ពាន់គីឡូម៉ែត្រក្ដី។
ក្រុមហ៊ុន Facebook បានលើកឡើងតាមរយៈប្លក់មួយថា ” Metaverse មានសក្តានុពលជួយត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់ឱកាសសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពច្នៃប្រឌិតថ្មី។ ហើយពលរដ្ឋអឺរ៉ុប នឹងក្លាយជាអ្នកអភិវឌ្ឍវាឡើងពីចំណុចចាប់ផ្ដើមដំបូង។ ថ្ងៃនេះ យើងប្រកាសផែនការបង្កើតការងារជំនាញ កម្រិតខ្ពស់ថ្មីៗចំនួន១០,០០០កន្លែងនៅសហភាពអឺរ៉ុប ក្នុងរយៈពេល៥ឆ្នាំខាងមុខ”។
ការជួលមនុស្សធ្វើការនៅសហភាពអឺរ៉ុប នេះនឹងរួមមានទាំងវិស្វករជំនាញជាន់ខ្ពស់ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានផ្តល់ព័ត៌មានលម្អិត តិចតួចណាស់អំពីផែនការរបស់ខ្លួនសម្រាប់ក្រុមបង្កើត Metaverse ថ្មីនេះ។
ក្រុមហ៊ុន Facebook បានធ្វើការកត់សម្គាល់ថា “សហភាពអឺរ៉ុប មានគុណសម្បត្តិជាច្រើន ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អ សម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា បោះទុនវិនិយោគ ព្រោះវាជាទីផ្សារធំដែលមានអ្នកប្រើប្រាស់ច្រើន សម្បូរដោយសាកលវិទ្យាល័យលំដាប់ថ្នាក់លេខ១ ហើយចំណុចដ៏សំខាន់មួយទៀត គឺទីនេះសម្បូរដោយមនុស្សដែលមានទេពកោសល្យខ្ពស់”៕ Korea Times ៕