ទីផ្សារខុនដូថៃហាក់ល្អប្រសើរឡើងខណៈមានការបញ្ឈប់ការប្រើប្រាស់ប័ណ្ណធ្វើដំណើរតាមរថភ្លើងរយៈពេល៣០ថ្ងៃ

0

ដោយ: សុផារី

បាងកក៖ ការបញ្ឈប់ការប្រើប្រាស់ប័ណ្ណធ្វើដំណើររយៈពេល៣០ថ្ងៃរបស់រថភ្លើងក្នុងក្រុងបាងកក នឹងជះឥទ្ធិពលដល់ទីផ្សារខុនដូ ដោយសារស្ថានីយនៅជិតកន្លែងធ្វើការនឹងកាន់តែទាក់ទាញជាងមុន។ នេះបើតាមការមើលឃើញរបស់លោកស្រី Kessara Thanyalakpark នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យ Sena Development Plc.។

លោកស្រីបានមានប្រសាសន៍ថា កន្លងមក ប័ណ្ណធ្វើដំណើររយៈពេល៣០ថ្ងៃនេះបានធ្វើឱ្យអ្នកទិញខុនដូអាចជ្រើសរើសទីតាំងជាច្រើនក្នុងអត្រាតម្លៃថេរមួយ។

លោកស្រីបាននិយាយថា “បន្ទាប់ពីប័ណ្ណនេះត្រូវបានបញ្ឈប់ការប្រើប្រាស់ ចម្ងាយរវាងខុនដូនិងកន្លែងធ្វើការនឹងជះឥទ្ធិពលដល់ថ្លៃធ្វើដំណើរ”។ លោកស្រីបន្តថា ការចំណាយលើការធ្វើដំណើររបស់អ្នកដំណើរក្នុងក្រុងបាងកកនឹងកើនឡើងទ្វេដង បន្ទាប់ពីការបញ្ឈប់ប័ណ្ណធ្វើដំណើររយៈពេល៣០ថ្ងៃ ដោយសារថ្លៃសំបុត្ររថភ្លើងអាចឡើងពី ៣,០០០ បាតទៅ ៦,០០០-៧,០០០ បាតក្នុងមួយខែ។

លោកស្រី Kessara Thanyalakpark បាននិយាយថា ការផ្លាស់ប្តូរនេះទំនងជាធ្វើឱ្យទីផ្សារខុនដូមានភាពប្រសើរឡើងនៅក្នុងទីតាំងមួយចំនួន។

កាលពីសប្តាហ៍មុនក្រុមហ៊ុន Sena Development Plc. ទិញយកក្រុមហ៊ុនអភិវឌ្ឍខុនដូផា Pataranan Asset ក្នុងតម្លៃ ៣៨៥ លានបាត។ Pataranan Asset បាននិងកំពុងអភិវឌ្ឍខុនដូទាបៗ នៅលើផ្លូវ Charoen Nakhon Road ដែលមានតម្លៃ ២ ពាន់លានបាត ដែលពេលនេះក្រុមហ៊ុន Sena នឹងបន្តការសាងសង់។

Sena ក៏ទទួលបានគម្រោងខុនដូពីរបន្ថែមទៀត ដែលគម្រោងថ្មីទាំង ៣ នេះមានតម្លៃសរុប ៣ ពាន់លានបាតកំពុងត្រូវបានបង្កើតឡើងក្រោមម៉ាកថ្មីមួយឈ្មោះ Flexi ។

ផលប៉ះពាល់នៃកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុន Sena កាត់បន្ថយគោលដៅលក់ក្នុងឆ្នាំ ២០២១ របស់ខ្លួនមកត្រឹម ៧,១ ពាន់លានបាតពី ១១ ពាន់លាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here