ការអភិវឌ្ឍផ្ទះអាជីវកម្មនៅកម្ពុជាចាប់ផ្ដើមមានភាពប្រកួតប្រជែងនឹងប្រទេសអាស៊ាន

0

         ដោយៈ លក្ខិណា

         ភ្នំពេញៈ ជាការកត់សម្គាល់ការអភិវឌ្ឍផ្ទះអាជីវកម្ម កាលពីដើមឡើងគេសង្កេតឃើញថា មានការអភិវឌ្ឍឬសាងសង់ ត្រឹមតែជាផ្ទះល្វែងនៅជុំវិញផ្សារឬហៅថា ( Flat House ) ដូចជានៅជុំវិញផ្សារថ្មី ផ្សារអូរឬស្សី ឬផ្សារអូរឡាំពិកជាដើម ដែលសុទ្ធតែជាផ្សារធំៗនៅក្នុងរាជធានី។

ការអភិវឌ្ឍផ្ទះប្រភេទនេះ ធ្វើឱ្យម្ចាស់ផ្ទះអាចស្នាក់នៅផងនិងធ្វើអាជីវកម្មផង បុន្តែ យើងក្រលេកទៅមើលផ្ទះអាជីវកម្ម ដែលអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ចាប់ផ្ដើមមានភាពទំនើប និងកាន់តែមានការប្រកួតប្រជែង ជាមួយនឹងបណ្ដាប្រទេសអាស៊ាន ឬគេហៅថា Shop House។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យកម្ពុជាយើងឃើញថា មានការវិវត្តន៍យ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយបើយើងក្រលេកទៅមើលការអភិវឌ្ឍលំនៅឋាន មិនទាន់មានភាពទំនើបកម្មនោះទេ ដោយភាគច្រើនគឺធ្វើឡើងតាមបែបប្រពៃណី ប៉ុន្តែដល់សព្វថ្ងៃនេះវិញ យើងមើលឃើញអំពីរចនាបថ ការគូរប្លង់ និងការសាងសង់ គឺមានការប្រកួតប្រជែងច្រើន គួបផ្សំជាមួយនឹងគ្រឿងសង្ហាររឹម នឹងការតុបតែងនៃសំណង់មានភាពល្អឯកផងនោះ ធ្វើឱ្យរចនាបថនៃការកសាងលំនៅឋាន និងផ្ទះអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើងមិនមានភាពចាញ់នឹងបណ្ដាប្រទេសជិតខាងរបស់យើង ក្នុងតំបន់អាស៊ាននោះទេ ។

លោកបន្តថា ដោយសារតែកត្តាទាំងនេះ យើងអាចវាយតម្លៃបានថា ការអភិវឌ្ឍវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងនៅពេលអនាគតយើងអាចនិយាយបានថា សក្ដានុពលនៃការវិវត្តអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាយើងនឹងកាន់​តែរីកចម្រើន និងរីកចម្រើនកាន់តែខ្លាំងផងដែរ ជាពិសេសការធ្វើអាជីវកម្មផ្ទះអាជីវកម្ម នឹងកាន់តែពេញនិយម នៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

លោកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា តាមពិតទៅប្រជាពលរដ្ឋកម្ពុជា យើងចូលចិត្តវិនិយោគលើផ្ទះ អាជីវកម្មនេះតាំងពីដើមមកម្ល៉េះ ដោយយើងឃើញភស្តុតាងមួយចំនួនស្រាប់ ដូចជា ផ្ទះនៅជុំវិញផ្សារកណ្ដាលរាជធានី សុទ្ធតែជាផ្ទះដែលអាចធ្វើអាជីវកម្ម និងមិនមានផ្ទះណាទុកទំនេរចោល ឬសម្រាប់តែការរស់នៅទេ។ ម្ចាស់ផ្ទះបានធ្វើអាជីវកម្មខ្លួនឯងនៅជាន់ក្រោម ហើយស្នាក់នៅជាន់ឡៅតឿ ដែលអាចធ្វើឱ្យពួកគាត់ទទួលបានចំណូលផង និងអាចស្នាក់នៅ ដោយមិនចាំបាច់ជួលផ្ទះស្នាក់នៅខាងក្រៅ។

លោកស្រីបន្តថា ការរីកចម្រើននៃវិស័យអចលនទ្រព្យ គ្រប់ផ្នែកនេះដែរក៏បានជំរុ​ញឱ្យតម្លៃអចលនទ្រព្យជាពិសេសតម្លៃដីធ្លី នៅក្នុងរាជធានីភ្នំពេញបានហក់ឡើងជាបន្តបន្ទាប់ ជាក់ស្ដែងយើងបានឃើញថាដីធ្លីមួយចំនួននៅខណ្ឌ សំខាន់ៗក្នុងរាជធានីភ្នំពេញដូចជាទួលគោកជាដើម កាលពីមុនត្រឹម១០០ដុល្លារអាមេរិកតែពេលនេះ បានហក់ដល់រាប់ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here