ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group ដើម្បីរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។
យោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុន បានបញ្ជាក់នៅក្នុងរបាយការណ៍ជួយដូរមូលបត្រ កាលពីថ្ងៃច័ន្ទនេះថា HSC Group នឹងទទួលបានការអនុញ្ញាត លើប្រតិបត្តិការរុករករ៉ែ នៅប៉ុន្មានខែខាងមុខ។
អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិ Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា “ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ និងមហិច្ឆតារបស់ក្រុមហ៊ុន ខណៈក៏នៅតែដំណើរការគម្រោងធំៗផ្សេងទៀត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី”។
នេះគឺជាការបណ្តាក់ទុនរួមគ្នាលើកទី២ ដែលបង្កើតឱ្យមានការរុករករ៉ែ ក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ HLH Group នៅខេត្តកំពង់ស្ពឺ ដែលលាតសន្ធឹងលើផ្ទៃដីជាង ១០ម៉ឺនហិកតា។
ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះ រួមមាន មណ្ឌលកសិកម្ម តម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង Royal Platinum នៅភ្នំពេញ និងគម្រោងផ្សេងៗទៀត៕