អ្នកជំនាញថាដីធ្លីក្នុងក្រុងកំពតនៅតែបន្តឡើងថ្លៃ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ

0

ដោយ៖ សុផារី

កំពត៖ យើងអាចមើលឃើញថានៅក្នុងបរិបទកូវីដ19 នេះដីធ្លីក្នុងខេត្តក្រុងផ្សេងៗទៀត មានការស្ងប់ស្ងាត់ ខណៈដីធ្លីក្នុងក្រុងកំពតនៅតែបន្តសកម្មភាពលក់ទិញជាហូរហែ។ អ្វីដែលទាក់ចិត្តវិនិយោគឲ្យមកទិញដីនៅក្នុងក្រុងកំពតនេះ ដោយសារតែសក្តានុពលក្នុងវិស័យទេសចរណ៍និងលំនៅដ្ឋាន។

លោកសុខ គែន អគ្គនាយកនិងជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Kompot Street Real Estate Co.,Ltd. បានមានប្រសាសន៍ថា “ជារួម ដីកំពតជាកន្លែងមួយដែលងំមែនទែនរឿងទីផ្សារដីធ្លី ព្រោះចរន្តនៃការលក់ទិញមានជាហូរហែមិនដាច់”។

លោកបានបញ្ជាក់ពីតម្លៃដីធ្លីក្នុងក្រុងកំពតថា សម្រាប់អ្នកវិនិយោគដីធ្លីក្នុងក្រុងកំពតភាគច្រើនស្វែងរកដីធ្លីនៅជុំវិញព្រែកកំពត ចាប់ពីទឹកឈូធ្លាក់រហូតមកដល់តំបន់សមុទ្រ។ បើប្រៀបធៀបក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដីនៅក្នុងតំបន់ខ្លះ កាលពីមួយឆ្នាំមុន ឧទាហរណ៍ថា លក់បាន១០០ ក្នុងឆ្នាំនេះអាចលក់បានរហូតដល់២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដោយឡែកដៃនៅតាមតំបន់ជើងភ្នំវិញ គឺដីដែលនៅជំនៀជើងភ្នំបូកគោ កាលពីមួយឆ្នាំមុនទិញបានក្នុងតម្លៃ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពេលនេះបានឡើងខ្ពស់រហូតទៅដល់២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េហើយ។ អញ្ចឹងតម្លៃក្នុងការលក់ទិញនៅរក្សាការកើនឡើងជានិច្ច។

លោកបានមានប្រសាសន៍ថា “បើប្រៀបធៀបនឹងតម្លៃកាលពីប្រមាណ៣ ឆ្នាំមុនអាចកើនឡើងប្រហែល៣០០ ភាគរយ សម្រាប់ដីនៅក្បែរមាត់ព្រែកឬជាប់ក្រុង ម្ដុំបរិវេណស្ពានថ្មីព្រែកកំពត និងដីក្នុងកាំរង្វង់កន្លះគីឡូម៉ែត្រជុំវិញក្រុងមានតម្លៃប្រហែល៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។”

លោកបានបន្តថា “ដោយឡែក សម្រាប់ដីធ្វើកសិកម្មវិញ យើងអាចរកទិញបានក្នុងតម្លៃសមរម្យ ប្រហែល២ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈចម្ងាយ ២៥ ទៅ ៣០ គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ស្រុកទឹកឈូ។”

ចំណែកដីនៅតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៣ ក្នុងកាំរង្វង់៣គីឡូម៉ែត្រពីក្រុងកំពត គេក៏សង្កេតឃើញមានការឡើងច្រើនដែរ ជាពិសេសសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ចាប់ពីផ្សារកំពតមកកាន់ផ្លូវជាតិ តម្លៃចន្លោះពី ១៨០ ទៅ ២០០ ដុល្លារក្នុងមួយគីឡូម៉ែត្រការ៉េ។

លោកបានបញ្ជាក់បន្ថែមថា “តាមពិតទៅដីធ្លីនៅក្នុងក្រុងបូកគោដែលបានបង្កើតថ្មីនេះដែលកាលពីមុនជាអតីតស្រុកទឹកឈូ តម្លៃដីធ្លីនៅខាងហ្នឹង កម្រើកយូរមកហើយ។ តំបន់នេះឃុំកោះតូច ឃុំព្រែកត្នោត ឃុំបឹងទូក ជាតំបន់នៅជិតសមុទ្រ ហើយ ផ្នែកខាងក្រោយមានភ្នំបូកគោជាខ្នង ជាហេតុធ្វើឲ្យទីតាំងនេះមានសក្តានុពលខ្លាំង។ ដីទំនេរក៏មានច្រើន បើមើលតាមចាក់ស្តែង។”

លោកថា អ្នកវិនិយោគភាគច្រើននឹងទទួលបានមកពីភ្ញៀវក្នុងស្រុកជាពិសេសមកពីភ្នំពេញដើមឬមកពីខេត្តព្រះសីហនុជាដើម។ សម្រាប់វិនិយោគបរទេស ក្រៅពីជនជាតិចិនមានតិចតួច យើងមិនទាន់ឃើញមានជនជាតិដទៃខាងប៉ែកអឺរ៉ុបឬអាមេរិកផ្សេងទៀតឡើយ។

លោករំពឹងថា ក្នុងឆ្នាំ២០២១ ដីនៅក្នុងខេត្តកំពតឬក្រុងកំពតនៅតែបន្តចរន្តនៃការលក់ទិញសកម្មបន្ថែមទៀត។ លោកក៏មើលឃើញថាក្នុងពេលអនាគត តំបន់ឧស្សាហកម្មទាក់ទងនឹងកំពង់ផែទេសចរណ៍ឬកំពង់ផែអន្តរជាតិក៏អាចជួយជំរុញការវិនិយោគបន្ថែមទៀតដែរ។

លោកបានផ្ដល់យោបល់ជូនដល់ភ្ញៀវឬអ្នកវិនិយោគទាំងឡាយណា ដែលមានបំណងចង់ទិញដីធ្លីក្នុងក្រុងកំពតឬខេត្តកំពតសម្រាប់ការសាងសង់ផ្ទះលំហែ ប្រសិនបើមានទំហំទឹកប្រាក់ប្រមាណ១០ ទៅ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ភ្ញៀវអាចស្វែងរកដីធ្លីតាមជំនៀជើងភ្នំបូកគោឬក្នុងសង្កាត់អណ្តូងខ្មែរ ដែលជាទីតាំងល្អសម្រាប់ការសាងសង់ផ្ទះលំហែ ព្រោះទីតាំងស្ថិតនៅជិតក្រុង មានអំណោយផលពីធម្មជាតិ

ខ្យល់ពីធម្មជាតិ និងមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here