វិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ធ្វើឱ្យទីផ្សារដីធ្លីទូទាំងប្រទេសចិន ធ្លាក់ចុះខ្លាំង

0

សុខុម

ប៉េកាំង: រដ្ឋាភិបាលចិន បានដកហូតដីធ្លីចំនួន២០៦កន្លែងចេញពីការដេញថ្លៃនៅក្នុងទីក្រុងធំៗចាប់តាំងពីខែកញ្ញាមក ខណៈគ្មានអ្នកទិញ បន្ទាប់ពីវិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande បានធ្វើឱ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដាំក្បាលចុះយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩ តុលា នេះ។

ដីធ្លីទាំងនេះតំណាងឱ្យជិត១ភាគ៣នៃដីធ្លីប្រហែល៧០០កន្លែង ដែលត្រូវបានដាក់លក់នៅទីក្រុងចំនួន២២រួមមានទាំងក្រុងប៉េកាំង ក្រុងសៀងហៃ និងក្រុងគ័ងចូវ ផងដែរ។ យោងតាមទីភ្នាក់ងារអចលនទ្រព្យ Centaline Properties ឱ្យដឹងថា ចាប់តាំងពីខែកញ្ញាមក ទីក្រុងចំនួន១៥បានបញ្ចប់ការដេញថ្លៃ២ជុំក្រោមកម្មវិធីលក់ថ្មីមួយ។

នៅទីក្រុងប៉េកាំង ដីធ្លីចំនួន១៧កន្លែងត្រូវបានលក់ចេញកាលពីថ្ងៃពុធសប្ដាហ៍មុន ខណៈដីធ្លីចំនួន២៦កន្លែងផ្សេងទៀតត្រូវបានដកចេញវិញដោយសារតែគ្មានអ្នកដេញថ្លៃ។ ទីក្រុងសៀងហៃ បានបញ្ចប់ការលក់ដីចំនួន២០កន្លែងអំឡុងការដេញថ្លៃពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ខណៈដីចំនួន៧កន្លែងទៀតរកអ្នកទិញមិនបាន។

ក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលច្រើនរហូតដល់ទៅ៣០៥ពាន់លានដុល្លារអាមេរិក បានបង្កការចលាចលពេញទីផ្សារអចលនទ្រព្យ បន្ទាប់ពីក្រុមហ៊ុននេះខកខានក្នុងការសងការប្រាក់លើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន២កាលពីខែមុន ដោយស្នើសុំរយៈពេលអនុគ្រោះរយៈពេល៣០ថ្ងៃដើម្បីចៀសវាងការខកខានក្នុងការសង។

លោក Hui Ka-yan ស្ថាបនិកក្រុមហ៊ុន Evergrande កំពុងប្រញាប់ប្រញាល់លក់ទ្រព្យសកម្មដើម្បីប្រមូលសាច់ប្រាក់យកមកសងបំណុល ដោយបណ្ដាលឱ្យអាជ្ញាធរព្រមានក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះទាក់ទិនការប្រគល់ផ្ទះរបស់ខ្លួនទៅដល់អ្នកទិញឱ្យបានទាន់ពេលវេលា។ ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគលំដាប់ថ្នាក់ពិភពលោក BCA Research បានលើកឡើងថា ការលក់អចលនទ្រព្យបានធ្លាក់ចុះ រហូតដល់ទៅ២០%ក្នុងខែកញ្ញា បើធៀបនឹងឆ្នាំមុន។

រដ្ឋាភិបាលកណ្តាល បានដាក់ចេញនូវប្រព័ន្ធលក់ដីបែបមជ្ឈការ (ប្រមូលផ្ដុំ) មួយនៅក្នុងទីក្រុងធំៗចំនួន២២កាលពីដើមឆ្នាំនេះ។ នៅក្រោមប្រព័ន្ធថ្មីនេះ ការដេញថ្លៃដីធ្លីនឹងធ្វើឡើងតែ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយក្នុងមួយលើកៗមានដីធ្លីជាច្រើនកន្លែងត្រូវបានដេញថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here