តើជម្រើស​ការបង់ប្រាក់ទិញ​ផ្ទះ​បុរី​មួយណា​ដែល​ចំណេញ​បំផុត?

0

ដោយ៖ សុធារី

ភ្នំពេញ៖ ជម្រើសនៃការបង់ប្រាក់មួយណាដែលសាកសម្យសម្រាប់លោកអ្នក ប្រសិនបើអ្នកមានបំណងចង់ទិញផ្ទះនៅក្នុងបុរី និង ជម្រើសនីមួយៗមានលក្ខខណ្ឌនិងគុណសម្បត្តិអ្វីខ្លះ?“

សម្រាប់ការទិញផ្ទះនៅក្នុងបុរី ជាទូទៅការបង់ប្រាក់គឺមានលក្ខខណ្ឌធំៗចំនួន ៣ រួមមានដូចជា៖

១ . បង់ផ្តាច់

សាកសមសម្រាប់លោកអ្នកដែលមានប្រាក់តម្កល់នៅក្នុងធនាគារច្រើន ហើយមិនត្រូវការយកទៅបង្វិលដើម្បីប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នកទេ។ ការទិញផ្ទះពីបុរីដោយប្រើលុយសុទ្ធមាន​អត្ថប្រយោជន៍ចម្បង ៣ ដូចជា៖

– ទទួលបានការបញ្ចុះតម្លៃច្រើនពីបុរី ៖ អ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសពីបុរីអាចថាចន្លោះពី ៧ % ទៅ ១១ % តាមគោលការណ៍របស់បុរីនីមួយៗ ដែលមានន័យថាលោកអ្នកអាចទិញដោយចំណាយប្រាក់អស់តិចជាងការបង់រំលោះទាំងបង់ជាដំណាក់កាលនិងបង់រំលោះសុទ្ធ។

– ទិញហើយ​លក់បាន​ចំណេញ​ច្រើន​៖ ក្នុងករណីដែល អ្នកទិញដើម្បីវិនិយោគឬដាក់លក់ហើយទិញបានប្រភេទផ្ទះដែលមានតម្រូវការច្រើន សំណង់ដែលមានគុណភាពខ្ពស់ តម្លៃល្អ ទីតាំងល្អ និង បុរីដែលមានកេរ្តិ៍ឈ្មោះល្អស្រាប់ នោះឱកាសដែលលោកអ្នកអាចលក់ចេញវិញភ្លាមៗដើម្បីទទួលបានផលចំនេញគឺមានច្រើន។

– អាចទទួលបានប្រាក់ចំនេញច្រើនជាងការប្រាក់ដែលទទួលបានពីធនាគារ ៖ ជាទូទៅ ការដាក់ប្រាក់នៅក្នងធនាគារលោកអ្នកអាចនឹងបានការប្រាក់មកវិញប្រហែលចន្លោះ ៤% តែប៉ុណ្ណោះ។ តែបើសិនអ្នកវិនិយោគលើអចលនវត្ថុវិញ ពេលខ្លះវាអាចចំនេញលើសនឹង ភ្លាមៗថែមទៀតផង ក្នុង​ករណី​ទិញបានផ្ទះដែលមានតម្រូវការច្រើននិង បុរីដែលមានកេរ្តិ៍ឈ្មោះល្អ។

២ . បង់រំលោះជាដំណាក់កាល

សាកសមក​សម្រាប់លោកអ្នកដែលមានប្រាក់គ្រប់គ្រាន់និងចំណូលជាប្រចាំ ហើយមានអាជីវកម្មដែលត្រូវការប្រាក់​បង្វិល។

អត្ថប្រយោជន៍នៃបង់ជាដំណាក់កាលមានដូចជា ៖

– អាចទុកប្រាក់សម្រាប់វិនិយោគលើអាជីវកម្ម ៖ ជាទូទៅគោលការណ៍នៃការបង់ប្រាក់របស់បុរីនីមួយៗគឺខុសៗគ្នា ដែលបុរីខ្លះអនុញ្ញាតឱ្យ​លោកអ្នកអាចបង់ប្រាក់ជាដំណាក់កាលក្នុងរយៈពេល១០ ទៅ ១២ ខែជាដើម ។ ដូច្នេះនៅក្នុងរយៈពេល ១០ ទៅ ១២ ខែនេះលោកអ្នកអាចប្រើប្រាស់ប្រាក់ ដែលនៅសល់យក ទៅបង្វិលក្នុងអាជីវកម្មរបស់លោកអ្នក ដើម្បីទទួលបានផលចំនេញបន្ថែមទៀត។

– ទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែលនឹងការបង់ផ្តាច់ដែរ

– មិនខាតការប្រាក់

៣. ការបង់រំលោះសុទ្ធ

សម្រាប់លោកអ្នកមានកញ្ចប់ថវិកាមានកម្រិត និងមានចំណូលជាមធ្យម នោះលោកអ្នកអាចជ្រើសរើសលក្ខខណ្ឌបង់ ២០% ទៅ ៣០% មុន។ ជាទូទៅបុរីមួយចំនួនគឺតម្រូវឲ្យយើងបង់ប្រាក់ ពី ២០ ទៅ ៣០ % មុន នៅក្នុងការទិញផ្ទះ ។

ប្រសិនបើគ្មាន​ការ​​ប្រាក់បង់​មុន​ ក៏យើងគួរតែមានប្រាក់សន្សំ ខ្ទង់ចន្លោះប៉ុននេះដែរ ដើម្បីត្រៀមបង់ជាមួយបុរីពីព្រោះថា បើអ្នកជ្រើសរើសការរំលោះសុទ្ធ ១០០ % នោះ អត្រាការប្រាក់គឺខ្ពស់ អាចដល់ ១២ %។

សម្រាប់បុរីមួយចំនួនដែលសហការជាមួយធនាគារនោះយើងអាចបង់ ២០ ទៅ ៣០ % ជាមួយបុរីមុនហើយនៅសល់ ៧០ % ឬ ៨០ %. ទៀតយើងអាចធ្វើការបង់ជាមួយធនាគារ អត្រាការប្រាក់អាចចន្លោះពី ៦ % ទៅ ៩ % ទៅតាមធនាគារផ្សេងៗគ្នា ។

សំខាន់បំផុត សម្រាប់ការបង់រំលោះសុទ្ធ​ អ្នកត្រូវតែសិក្សាពីចំណូលប្រចាំខែឲ្យបានច្បាស់ កុំឲ្យលើសពី៥០% នៃចំណូល ហើយត្រូវគិតអំពីហានិភ័យនៅថ្ងៃខាងមុខ។ បើសិនមានលទ្ធភាព យើងគួរមានកញ្ចប់ថវិកាបម្រុងដើម្បីការពារហានិភ័យ។

ប្រសិនបើលោកអ្នកមានបំណង់ចង់វិនិយោគលើផ្ទះនៅក្នុងបុរី លោកអ្នកត្រូវតែគិតគូរឲ្យបានច្បាស់លាស់និងល្អិតល្អន់ មុននឹងសម្រេចចិត្តជ្រើសរើសលក្ខខណ្ឌនៃការបង់ប្រាក់ណាមួយ ដើម្បីកុំអ្នកមានសម្ពាធ ឬ វិបត្តិនៅពេលទិញផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here