លោក ច្រឹក សុខនីម ៖ វិស័យអចលនទ្រព្យកម្ពុជានៅតែ​រឹងមាំនិងជាខឿនសេដ្ធកិច្ចជាតិ ទោះ​ការទិញលក់មានការថយចុះធៀបនឹងមុនវិបត្តិកូវីដ​១៩ ក៏​ដោយ​

0

ដោយ កុសមា

ភ្នំពេញ៖ វិបត្តិកូវីត១៩ បានអូសបន្លាយរយៈពេល២ឆ្នាំ ដោយក្នុង​រយៈពេលមួយឆ្នាំចុងក្រោយនេះ មានការរីករាលខ្លាំង ដោយករណីអ្នកឆ្លងនិងស្លាប់កើនឡើងជាបន្តបន្ទាប់ តែស្ថានភាពហាក់មានភាពប្រសើរឡើងវិញដោយសារ ចំនួននៃអ្នកចាក់វ៉ាក់សាំងបានច្រើនរហូតដល់ ៩៩,៥៤% នៃប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​១៨ ឆ្នាំ​ឡើង​ទៅ។ នេះបើ​តាម​ឯកសារ​មន្ត្រី​សាធារណៈ​ ចុះ​ថ្ងៃ​ទី១៨ ខែ​តុលា កន្លងមក​​។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា​ បានឱ្យ​ដឹងថា “ក្នុងរយៈ ពេលមួយខែចុងក្រោយ ការទិញលក់ដូរអចលនវត្ថុនៅតែបន្តកើតមានធម្មតា គ្រាន់តែចំនួនមានការថមថយ​ចុះខ្លះ ដោយសារ មានការរាំងស្ទះដោយបញ្ហាវិបត្តិកូវីដ១៩ តែពេលនេះចរន្តនៃការទិញលក់នៅតែបន្ត”។

លោកបន្តថា សម្រាប់​អ្នកវិនិយោគិនបរទេសមានការថមថយ ដោយសារក្តី​បារម្ភពីបញ្ហា​សុខភាពនិងសុវត្ថិភាព ដែលជះឥទ្ធិពលមកលើខ្លួនគាត់។ ប៉ុន្តែអ្នកវិនិយោគិនមួយចំនួននៅមានសហសេវិក និងក្រុមហ៊ុន​ដៃគូរបស់ខ្លួនក្នុង​ប្រទេស​ សម្រាប់​យកពត៍មាននិងធ្វើការស្រាវជ្រាវ​​ឱកាស​ក្នុង​ការ​​វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក​បាន​មានប្រសាសន៍ថា “សម្រាប់​តម្លៃ​អចលនទ្រព្យមិនមានការថយចុះទេ តែចំនួននៃការទិញលក់មានការថយចុះធៀបទៅនឹងឆ្នាំមុនៗ មុន​វិបត្តិកូវីដ​១៩បានកើតឡើង ដែលបង្ហាញជារួមថាប្រទេសកម្ពុជានៅតែមានភាពរឹងមាំ​ក្នុងវិស័យអចលនទ្រព្យ និងខឿនសេដ្ធកិច្ចជាតិ។”

លោកបានបញ្ជាក់ថា ភាពប្រសើរឡើងគឺស្ថិតនៅលើ​ការរង់ចាំមើលនៅឡើយ។  ការបើកចរាចរចេញចូលឡើងវិញ ដែលតម្រូវ​ឱ្យ​ធ្វើចត្តាឡីស័ក រយៈពេល៣ថ្ងៃ សម្រាប់​អ្នកដែលមានប៉ាស្ព័រនិងអ្នកចាក់វ៉ាក់សាំង និងរយៈពេល​មួយអាទិត្យ ​សម្រាប់​មនុស្សទូទៅ។ អ្នកមិនចាក់វ៉ាក់សាំង ដែលមានហានិភ័យ អាចធ្វើ​ចត្តាឡីស័ករយៈពេលយូរ ដែលជា​ហេតុបន្ថយឱកាសនៃការវិនិយោគរបស់ភ្ញៀវបរទេស ដែលចង់ប្រកបមុខរបរទទួលទាន ក្នុងប្រទេស​កម្ពុជា​ផងដែរ។

ក្រៅពីនោះ យើងឃើញមានយន្តការនៃការរៀបចំសាកល្បងក្នុង​ការដាក់ឱ្យ​ដំណើរ​ការបើកទេសចរណ៍​វិញ ហើយបើការបើកទេសចរក្នុងស្រុក មានការគ្របគ្រងបាន និងឈានដល់ដំណើរ​ការនៃការបើកលក្ខណៈ Trading ឬ​បើកលក្ខណៈ​ទេសចរអន្តរជាតិ នោះនឹងបង្កអោយមានភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗ។

លោកបាន​ប្រមើលមើល​ថា​ វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយសារចំនួននៃអ្នកចាក់វ៉ាក់សាំង នៅអាស៊ានមានច្រើនហើយ ឯនៅកម្ពុជាមានដល់ជាង​៩៧ % ដូចនេះបញ្ហាប្រឈមវិបត្តិកូវីដ១៩ នឹងស្ថិតក្នុងការគ្រប់គ្រងបាននាពេលអនាគត ហើយវិស័យអចលនទ្រព្យកម្ពុជា​​វិលមកសភាពធម្មតាវិញ។

លោកបន្តទៀតថា វិស័យអចលនទ្រព្យក៏មានបញ្ហាប្រឈមរបស់ខ្លួន តាមរយៈការខ្វះខាតធនធាន កម្ចី​ពីធនាគារនិងស្ថាប័នផ្សេងៗទៀត បើវិស័យនេះទទួលបានប្រាក់កម្ចី​ខ្ពស់  នោះចរន្តនៃការទិញលក់ក៏ទទួលបានច្រើនផងដែរ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here