Fluidity 2.0 High-Rise អាគារកប់ពពកទស្សនទានថ្មីនៃស្ថាបត្យុកម្មសតវត្សរ៍ទី២១

0

ដោយៈសហសេវិក

ភ្នំពេញៈ ស្ថាបត្យករល្បីល្បាញនានានៅលើពិភពលោក បានរិះរកនូវគំនិតថ្មីៗ​ដើម្បីវិចិត្រកម្មស្ថាបត្យកម្មរបស់ខ្លួន ឲ្យមានភាពទាក់ទាញ និងល្បីល្បាញនៅលើពិភព​លោក។

ជាក់ស្តែង អគារខ្ពស់កប់ពពកឈ្មោះ Fluidity 2.0 High-Rise គឺជាអគារកូនកាត់រវាងសណ្ឋាគារ និងការិយាល័យ ដែលជាគំនិតឌីហ្សាញដើម្បីរួមបញ្ចូលទេសភាព ភ្នំអាល់នៃប្រទេសស្វីស ជាមួយនឹងស្ថាបត្យកម្មសរីរាង្គថ្មី។ អគារកម្ពស់២៥០ម៉ែត្រនេះ មានទម្រង់ជាអគាររមួល ដោយលាតសន្ធឹងលើអាកាស ជាមួយនឹងទេសភាពជុំវិញប្រទេសស្វីស។

វាត្រូវបានឌីហ្សាញ ដោយក្រុមហ៊ុនស្ថាបត្យកម្ម Mariana Cabugueira Custodio dos Santos។

ស្ថាបត្យកម្មពិសេសកប់ពពកនេះ មានឈ្មោះ Fluidity 2.0 High-Rise ដែលមាន លក្ខណៈពិសេសៗជាច្រើនដូចជា ការឌីហ្សាញជាន់ផ្ទាល់ដីឱ្យ មានកម្ពស់ខ្ពស់ គឺដើម្បីលាតសន្ធឹងគ្របដណ្ដប់លើធម្មជាតិជុំវិញអគារ និងពង្រីកបរិស្ថានបៃតងដ៏ស្រស់បរិសុទ្ធ ឱ្យទៅដល់ជាន់ខាងលើនៃសណ្ឋាគារ និងការិយាល័យ។

ផ្ទៃអគារចំនួន៥ជាន់ខាងក្រោមបង្អស់នៃអគារនេះ សម្រាប់បំរើជាកន្លែងសាធារណៈដែលមានមុខងារជា កន្លែងទទួលភ្ញៀវ បន្ទប់ប្រជុំបើកចំហ បារ និងបណ្ណាល័យ។ កន្លែងសាធារណៈទាំងនេះ ត្រូវបានបើកចំហពាក់កណ្តាលជាមួយការឌីហ្សាញ ខ្សែកោងដ៏ធំដើម្បីក្តោបយកទេសភាពជុំវិញអគារ និងដើម្បីចាប់យកទេសភាពភ្នំអាល់ដោយលាតសន្ធឹងលើអាងទឹក និងតំបន់បៃតងនៅជាន់ផ្ទាល់ដីផងដែរ។

ស្ថាបត្យករបានរចនាអគារនេះបំបែកចេញជា៤ផ្នែក ដែលមានលក្ខណៈស៊ីមេទ្រី និងតភ្ជាប់គ្នា ដោយផ្ទាំងកញ្ចក់ក្នុងទម្រង់រមួលដ៏អស្ចារ្យ។ ផ្ទៃមួលត្រូវបានទប់ទ្រដោយរចនាសម្ព័ន្ធដែក ដោយបើកជាខ្សែកោងដ៏ធំនៅលើច្រកចូលទាំង៤ ហើយត្រូវបានចងភ្ជាប់ជាបន្តបន្ទាប់ ទៅនឹងរចនាសម្ព័ន្ធគោលនៃអគារបញ្ឈរទាំងមូល។

នៅផ្នែកខាងលើបង្អស់នៃអគារខ្ពស់កប់ពពកនេះ មានសួនច្បារលើមេឃចំនួន៣ ជាន់ និងទែរ៉ាស់ដែលមាន ផ្ការីកចម្រុះពណ៌ពេញមួយឆ្នាំ នៅជុំវិញភោជនីយដ្ឋានលំដាប់ផ្កាយ៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here