ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ជំរុញឱ្យរដ្ឋាភិបាលថៃ ធ្វើកំណែទម្រង់ទិញលក់ខុនដូដើម្បីទាក់ទាញជនបរទេសជាអ្នកមាន

0

ដោយ សុខុម

បាងកក: ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ (Board of Trade of Thailand) បានជំរុញឱ្យរដ្ឋាភិបាលថៃ ជួយសម្រួលដំណើរផ្ទេរប្រាក់ និងផ្តល់បុគ្គលិកសុខាភិបាលបន្ថែមសម្រាប់ជួយគាំទ្រដល់ជនបរទេសចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ប្រសិនបើប្រទេសនេះចង់ជំរុញសេដ្ឋកិច្ចតាមរយៈកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេស។

យោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា ឱ្យដឹងថា លោក Atip Bijanonda អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ថ្លែងថា នីតិវិធីផ្ទេរប្រាក់សម្រាប់ជនបរទេសទិញខុនដូនាពេលបច្ចុប្បន្ន គឺជាឧបសគ្គរាំងស្ទះដ៏ធំដោយសារមានភាពស្មុគស្មាញខ្លាំងពេក។

លោកគូសបញ្ជាក់ថា “ដើម្បីអាចទិញខុនដូបាន ជនបរទេសត្រូវបានតម្រូវឱ្យផ្ទេរប្រាក់ពីក្រៅប្រទេសជារូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ហើយប្រកាស ឬបង្ហាញវិញ្ញាបនបត្របញ្ជាក់ពីតិបត្តិការប្តូរប្រាក់បរទេសដល់មន្ទីររៀបចំដែនដី”។

ការតម្រូវបែបនេះបានបង្កការលំបាក ព្រោះអ្នកទិញជាបរទេសមួយចំនួនធំមានអាជីវកម្មក្នុងប្រទេសថៃ ឬមានប្រពន្ធជាជនជាតិថៃ។ ពួកគេត្រូវផ្ទេរប្រាក់ចេញក្រៅប្រទេសថៃ ហើយបន្ទាប់មកផ្ទេរចូលមកប្រទេសថៃ វិញដើម្បីអាចទិញខុនដូបាន។

លោក Atip Bijanonda បានលើកឡើងថា “រដ្ឋាភិបាលនៃប្រទេសជាច្រើនមិនខ្វល់រឿងផ្ទេរប្រាក់ចូលក្នុងប្រទេសនោះទេ ប៉ុន្តែពួកគេពិតជាខ្វល់ណាស់ចំពោះការផ្ទេរប្រាក់ចេញក្រៅប្រទេស។ ដូចនេះរដ្ឋាភិបាលថៃ គួរតែធ្វើវិសោធនកម្មច្បាប់នេះ”។

លោកបានបន្តទៀតថា ពលរដ្ឋថៃ មិនគួរបារម្ភថា ការអនុញ្ញាតឱ្យមានកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេសជាអំពើក្បត់ជាតិនោះទេ ព្រោះពលរដ្ឋថៃ ក៏អាចទិញផ្ទះនៅក្នុងប្រទេសជាច្រើនបានដែរ ហើយប្រទេសទាំងនោះមិនចាត់ទុកការលក់ផ្ទះឱ្យទៅបរទេសថាជាអំពើក្បត់ជាតិឡើយ។

ជាចុងក្រោយ លោកបានធ្វើការកត់សម្គាល់ថា “អចលនទ្រព្យថៃ ភាគច្រើនដែលលក់ទៅឱ្យជនបរទេស ឬដែលជនបរទេសចូលចិត្ត គឺមិនស្ថិតនៅក្នុងចំណែកទីផ្សារសម្រាប់អ្នកទិញជាជនជាតិថៃ នោះឡើយ។ ជាធម្មតាជនបរទេសជ្រើសរើសទីតាំងណាដែលជនជាតិថៃ មិនចូលចិត្ត”៕ Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here