ដោយៈគង់ សូរិយា
ភ្នំពេញៈ សមាគមអចលនទ្រព្យសកល (GRA) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិជាលើកដំបូង ដើម្បីពង្រឹងរចនាសម្ព័ន្ឋសមាគមឲ្យបានគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស។
លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ សមាគមអចលនទ្រព្យសកល-រាជធានី ខេត្ត ក្រុង អំពីសកម្មភាពសមាគមប្រចាំខែ និងលើកទិសដៅការងារមនុស្សធម៌ ការងារលើកស្ទួយស្រ្តី ការដោះស្រាយវិវាទដីធ្លី និងកិច្ចការផ្សេងៗរបស់សមាគម។
លោកបន្តថា “សមាគមមានគោលដៅពង្រីកសាខានៅគ្រប់រាជធានី ខេត្ត និងពង្រីកការិយាល័យនៅក្រៅប្រទេសផងដែរ ដើម្បីពង្រីកការផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជា និងទាក់ទាញលំហូរទុនវិនិយោគមកកម្ពុជា ឲ្យបានកាន់តែច្រើន”។
លោកឧកញ៉ាសំ សុខនឿនបានបន្តថា “យើងមានគោលដៅគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ច តាមរយៈការធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរ ពិសេសទាក់ទាញលំហូរទុនពីក្រៅប្រទេស ចូលមកកាន់កម្ពុជាឲ្យបានច្រើននាពេលអនាគត ដែលវាជាការចូលរួមកាត់បន្ថយចំណាកស្រុក និងផ្តល់ការងារដល់ប្រជាជនក្នុងប្រទេសឲ្យបានកាន់តែច្រើនបន្ថែមទៀត៕