ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាស ពីការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ និងអនុញ្ញាតឱ្យវិនិយោគិន ក៏ដូចជា ទេសចរបរទេសចូលមកក្នុងប្រទេសកម្ពុជាផងដែរ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យវិញ ត្រូវបានអ្នកជំនាញលើកឡើងថា នឹងមិនទាន់អាចទាក់ទាញពួកគេចូលមកកម្ពុជាភ្លាមៗនៅឡើយទេ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី រៀលធីលោកឌឹត ចណ្ណាបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ វិច្ឆិកាកន្កងមកថា ការប្រកាសបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជារឿងមួយល្អ និងជារឿងដែលវិនិយោគិន ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំផងដែរ។ ប៉ុន្តែភ្លាមៗយើងមិនទាន់រំពឹង ពីការចូលរបស់វិនិយោគិនបរទេសកម្ពុជានោះទេ ដោយសារតែកត្តាមួយចំនួន។ អ្វីដែលយើងគិតនោះគឺវិនិយោគិនក្នុងស្រុកនៅតែសំខាន់ និងបន្តដាក់ទុនវិនិយោគនៅក្នុងវិស័យនេះ។
លោកបន្តថា “វិនិយោគិនក្នុងស្រុក គាត់មានជំនឿចិត្តជាងមុន និងហ៊ានបញ្ចេញទុនច្រើនជាងមុន ហើយវិនិយោគិនបរទេស ដែលមាននៅក្នុងស្រុកស្រាប់ ក៏នឹងបង្កើនទុន និងសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដែរ”។
លោកបន្តថា វិនិយោគិនបរទេស នឹងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ប៉ុន្តែវាត្រូវការពេលវេលាបន្តិច បើទោះបីជាកម្ពុជាអនុញ្ញាតឱ្យបរទេសវ៉ាក់សាំងចូលមកក្នុងប្រទេសយើងក្ដី។ ប្រទេសខ្លះនៅបន្តរឹតបន្តឹង ចំពោះការហូរចូលអ្នកពីក្រៅប្រទេសដដែល ដូច្នេះអ្នកវិនិយគិនដែលមកកម្ពុជាហើយ ពេលត្រូវត្រលប់ទៅប្រទេសគេវិញតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលណាមួយ ដូច្នេះហើយទើបគេមិនទាន់ចេញក្រៅប្រទេសបាននៅឡើយ ។
លោកបន្តថា “បើសិនជាប្រទេសជាច្រើន បានបើកទូលាយចំពោះការចេញចូលប្រទេស ដោយមិនមានការចត្តាឡីស័កយូរថ្ងៃទេ ពួកគាត់ប្រាកដជាចង់មកកម្ពុជាច្រើនឬចង់ចេញក្រៅប្រទេសច្រើនដើម្បីស្វែងរកការវិនិយោគ ជាក់ជាមិនខានឡើយ”។
លោកចណ្ណាបានមានប្រសសាន៍បន្ថែមថា ទោះបីជាឆ្នាំនេះ មិនទាន់មានវិនិយោគិនមកភ្លាមៗក្ដី តែវិនិយោគិនក្នុងស្រុក ក៏គួរតែត្រៀមខ្លួនឱ្យរួចស្រេច ដើម្បីស្វាគមន៍និងសម្រួល ដល់ការវិនិយោគរបស់វិនិយោគិនបរទេស ដែលនឹងចូលកម្ពុជានៅពេលអនាគត ។ ការត្រៀមខ្លួនដូចជាត្រៀមទីតាំង លក្ខខណ្ឌគតិយុត្តិនិងកិច្ចការមួយចំនួនទៀត។
ជាមួយគ្នានេះអ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២១នេះ វិនិយោគិនបរទេសទំនងជាមិនទាន់អាចចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាបាននៅឡើយទេ ដូច្នេះអ្នកវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសក្នុងឆ្នាំរហូតដល់ដាច់ឆ្នាំ អាចជាអ្នកវិនិយោគក្នុងស្រុកច្រើន ។
អ្នកនាងបន្តថា “នៅឆ្នាំ២០២២ខាងមុខ វិនិយោគិនបរទេសអាចនឹងចូលមករកការវិនិយោគនៅកម្ពុជាឡើងវិញ ក្នុងករណីមេរោគកូវីដ១៩មានភាពធូរស្រាល”៕