តើអ្នកជំនាញអចលនទ្រព្យនិយាយពីអ្វីខ្លះ និងរំពឹងដូចម្តេចពីការវិលត្រលប់ របស់វិនិយោគិនបរទេស

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្របពេលរាជរដ្ឋាភិបាល បានប្រកាសឱ្យបើកដំណើរការប្រទេសឡើងវិញ បណ្ដាអាជីវកម្មជាច្រើន រួមទាំងវិស័យអចលនទ្រព្យផងដែរនោះ អ្នកជំនាញរំពឹងថា វិស័យនេះនឹងទទួលបានកំណើនឡើងវិញ ជាមួយនឹងអ្នកវិនិយោគបរទេសផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានប្រាប់ដល់បណ្ដាវិនិយោគិនក្នុងស្រុកគួរត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ វិនិយោគិនបរទេសនឹងចូលមកកម្ពុជា នៅដើមឆ្នាំ២០២២ខាងមុខនេះ។

លោកKen Lo នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា ក្រោយពេលមានការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ពីការបើកប្រទេសឡើងវិញ លោកគិតថាបណ្ដាអាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ នឹងមានភាពប្រសើរឡើងវិញជាមួយនឹងសកម្ម​ភាពនៃការធ្វើអាជីវកម្ម និងបណ្ដាកវិនិយោគិនថ្មីៗ ។

លោកបានបន្តថា “បណ្ដាអាជីវកម្មនឹងមានសកម្មភាព ចាប់ពីពេលនេះតទៅរហូតដល់ដាច់ឆ្នាំ២០២១ និងមានសកម្មភាពកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២២ខាងមុខ ហើយធុរជនក៏នឹងមើលទៅលើអាជីវកម្មណា ដែលល្អគេនឹងបើកមុនហើយនឹងធ្វើបន្តបន្ទាប់”។លោក​បន្ថែមថា “មិនតែប៉ុណ្ណោះពួកគាត់ក៏គួរតែត្រៀមខ្លួន ឱ្យរួចស្រេចក្នុងការធ្វើ អាជីវកម្មរបស់ខ្លួនបន្ទាប់ពីកូវីដ១៩បានធូរស្រាល”។

លោកKen Loបានបន្ថែមថា ចាប់តាំងពីកូវីដ១៩បានផ្ទុះឡើង អ្នកវិនិយោគក៏បានចាប់ផ្ដើមផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដោយធ្វើអ្វីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចផុតពីហានិភ័យដែលនឹងកើតឡើងខ្ពស់ ។ បានន័យថា ពួកគាត់ធ្វើអ្វីមួយជំហានៗគឺមានការគិតគូរល្អិតល្អន់ណាស់ ដោយមិនមែនដូចកាលពីមុនកូវីដ១៩នោះឡើយ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធីក៏បានឱ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២១នេះ ទោះបីជារដ្ឋាភិបាលបានប្រកាសពីការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញក្ដី តែឆ្នាំនេះអ្នកវិនិយោគប្រហែលជាមិនទាន់អាចចូលមករកការវិនិយោគនៅឡើយ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ វិនិយោគិននឹងចូលមករកការវិនិយោគជាបន្តបន្ទាប់។  ដូច្នេះវិនិយោគិនក្នុងស្រុក គួរតែត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនបរទេស ដែលជាដៃគូរបស់ខ្លួន ដើម្បីបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែខ្លាំងឡើងវិញ ។

លោកបន្តថា “អ្វីដែលវិនិយោគិន ក្នុងស្រុកត្រៀមខ្លួនឱ្យរួចស្រេច មុននឹងការមកដល់នៃវិនិយោគិនបរទេសនោះ គឺការត្រៀមទីតាំង ដីធ្លី ឯកសារសំខាន់ៗ បុគ្គលិក ភាពស្របច្បាប់នៃដីធ្លីសម្រាប់ផ្ដល់ឱ្យវិនិយោគិនជាដើមហើយ”។

ជាការកត់សម្គាល់ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាយើងឃើញថា ភាគច្រើននៃម្ចាស់គម្រោងគឺជាវិនិយោគិនក្នុងស្រុក ហើយវិនិយោគិនបរទេសដែលចូលមកថ្មីៗ ស្វែងរកឱកាសវិនិយោគក្នុងអំឡុងកូវីដ១៩ គឺមានតិចតួចឬក៏មិនមានតែម្ដង។ សម្រាប់វិនិយោគិនបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បានបន្តសកម្មភាពរបស់ខ្លួនបន្តបន្ទាប់ផងដែរ ក្នុងអំឡុងនៃវិបត្តិនោះ។

​​​​​​​ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល យើងមិនទាន់រំពឹងអ្នកវិនិយោគថ្មីចូលមកទេ ប៉ុន្តែអ្វីសំខាន់ឲ្យតែអ្នករកស៊ីចាស់ៗ ដែលធ្លាប់វិនិយោគ និងរកផលចំណេញពីកម្ពុជា បានត្រលប់មកវិញជាការល្អណាស់។

លោកឧកញ៉ាបន្តថា “ការទាក់ទាញអ្នកវិនិយោគថ្មីៗអាចលំបាក និងត្រូវការពេលវេលាច្រើន ដែលយើងអាចរង់ចាំរហូតដល់ឆ្នាំ២០២៣ បើទោះជាឆ្នាំបោះឆ្នោតក្តី ក៏មិនមានអ្វីគួរឲ្យបារម្ភនោះទេ”។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបើកចំហរប្រទេសឡើងវិញពីប្រមុខរាជរដ្ឋាភិបាល នឹងជួយច្រើនដល់វិស័យនេះ ប៉ុន្តែឆ្នាំនេះវាជាពេលវេលាល្អសម្រាប់អ្នកវិនិយោគក្នុងស្រុក ហើយអ្នកវិនិយោគក្នុងស្រុកជាអ្នកដើរតួនាទីសំខាន់ក្នុងបរិបទនេះ។

លោកបន្តថា “ការវិលត្រលប់មកវិញរបស់វិនិយោគិនបរទេស ត្រូវការពេលវេលា និងការចាក់វ៉ាក់សាំងបានល្អរបស់ប្រទេសនិមួយៗ ប៉ុន្តែឆ្នាំ២០២២ជាពេលវេលាល្អ ដែលអ្នកវិនិយោគបរទេសចឹងចូលមកកាន់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here