ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ចាប់តាំងពីកម្ពុជាបានជួបប្រទះនឹងវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០កន្លងទៅការវិនិយោគរបស់វិនិយោគិនបរទេស នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ ដែលធ្វើវិស័យមួយចំនួនបានធ្លាក់ចុះ ទៅតាមនោះជាពិសេសក្នុងវិស័យអចលនទ្រព្យ ក៏ឃើញថាថមថយសកម្មភាពច្រើនដែរក្នុងវិបត្តិនោះ។
ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបើកប្រទេសឡើងវិញ ជាបន្តបន្ទាប់ ដែលធ្វើឱ្យសកម្មភាព នៃការវិនិយោគនិងអាជីវកម្មត្រូវរំពឹងថា នឹងមានកំណើន តែសម្រាប់អចលនទ្រព្យវិញ ត្រូវបានអ្នកជំនាញលើកឡើងថា បើគ្មានការវិនិយោគពីបរទេសទេ វាពិបាកនឹងងើបឡើងឬមានសន្ទុះលឿននោះទេ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំសមាជលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន កាលពីថ្ងៃទី៣ វិច្ឆិកា២០២១នេះឱ្យដឹងថា ទោះបីជាកម្ពុជា បានបើកប្រទេសឡើងវិញ បើកសង្គមសេដ្ឋកិច្ចឡើងវិញមែន ប៉ុន្តែបើសិនជាគ្មានការចូលរួមវិនិយោគពីបរទេសទេ នោះវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏នឹងពិបាកស្ទុះល្បឿនលឿនផងដែរ ។
លោកបន្តថា “វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែពឹងផ្អែកលើវិនិយោគិនបរទេស ដែលចូលមកបណ្ដាក់ទុន ជាកស្ដែងនៅក្នុងពេលបច្ចុប្បន្ននេះ គម្រោងធំៗជាច្រើន គឺជាគម្រោងក្រោមការវិនិយោគរបស់វិនិយោគិនបរទេស”។
លោកបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ លោកមិនទាន់រំពឹងពីការហូរចូលនៃវិនិយោគិនបរទេសចូលមកកម្ពុជានោះទេ ប៉ុន្តែលោកជឿថា នៅឆ្នាំ២០២២ជាពិសេសនៅក្រោយពិធីបុណ្យចូលឆ្នាំចិន កំណើនវិនិយោគិនបរទេសនឹងហូរចូលមកកម្ពុជា ជាបន្តបន្ទាប់ជាពិសេសវិនិយោគិនមកពីប្រទេសចិន ឬជប៉ុនជាដើម ។
អ្នកជំនាញវិស័យអចលនទ្រព្យផ្សេងទៀត ក៏បានលើកឡើងស្រដៀងនឹងលោកច្រឹកសុខនីមដែរថា វិស័យអចលនទ្រព្យកម្ពុជា បច្ចុប្បន្ននេះ ត្រូវពឹងទៅលើវិនិយោគិនបរទេស ក៏ប៉ុន្តែក្នុងពេលមានវិបត្តិនៃកូវីដ១៩នេះ វិនិយោគិនក្នុងស្រុកគឺមានតួនាទីសំខាន់ ក្នុងវិស័យអចលនទ្រព្យ និងបណ្ដាក់ទុនជាបន្តបន្ទាប់ នៅក្នុងវិស័យអចលនទ្រព្យជាពិសេសគម្រោងលំនៅឋាន ។
លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី រៀលធីក៏បានលើកឡើងផងដែរថា ឆ្នាំ២០២១នេះទោះបីជាកម្ពុជា បានបើកប្រទេសឡើងវិញមែន ប៉ុន្តែកំណើនវិនិយោគិនបរទេសចូលកម្ពុជា ប្រហែលជាមិនទាន់មានច្រើននោះទេ តែសម្រាប់ឆ្នាំ២០២២ខាងមុខ លោកជឿថាស្ថានភាពកូវីដ១៩ លើពិភពលោកនឹងធូរស្រាល ហើយវិនិយោគិនបរទេសកាន់តែច្រើន នឹងចូលមកស្វែងរកការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ៕