ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីចំណាយអស់ទឹកប្រាក់៣៤៦លានដុល្លារហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) បានចំណាយអស់ទឹកប្រាក់សរុប៣៤៦លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC)។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ត្រូវរំពឹងថា នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការ នៅឆ្នាំ២០២៣។នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន OCIC ក្រុមហ៊ុន CAIC និងធនាគារ Prince Bank បានចុះហត្ថលេខាលើការវិនិយោគ ទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណ របស់គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។
អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor)៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation Ltd)។

ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនា ឬការសាងសង់ធ្វើហិរញ្ញ ប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA។

CAIC ជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុន OCIC និងរដ្ឋលេខា​ធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី លើផ្ទៃដីសរុប២៦០០ហិកតា ដែលគម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដី នៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ១៣លាននាក់ក្នុង១ឆ្នាំ។

ដោយឡែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរឆ្លងកាត់បានចំនួន៥០លាននាក់ក្នុង១ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here