អគារខុនដូកំពស់កប់ពពកថ្មីមួយនឹងលេចរូបរាងនៅតំបន់ទួលទំពូង

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នាពេលអនាគតខាងមុខដ៏ខ្លីខាងមុខនេះ អគារខ្ពស់កំពស់ជិត២០០ម៉ែត្រមួយនឹងលេចរូបរាងឡើង នៅតំបន់ទួលទំពូង នៃខណ្ឌចំការមន ហើយនឹងជំរុញសក្ដានុពលតំបន់មួយនេះកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។

គម្រោងអគារខុនដូរ៉ូយ៉ាល់ស្កាយឡែន ដែលមានកំពស់រហូតដល់១៧០ម៉ែត្របាននិងកំពុងសាងសង់នៅក្នុងទឹកដី ក្នុងសង្កាត់ទួលទំពូង នៃខណ្ឌចំការមនក្រោមការវិនិយោគរបស់វិនិយោគិនជនជាតិចិន បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកប្រទេសឡើងវិញ។

លោក Liu Qiaozho អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុនMingyu ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អគាររ៉ូយ៉ាល់ស្កាយលែន នៅទួលទំពូងបានឱ្យដឹងថា ក្រុមហ៊ុន Mingyu នឹងធ្វើឱ្យតំបន់ទួលទំពូង ក្លាយជាតំបន់ដែលមានសក្ដានុពលមួយ នៅពេលខាងមុនេះដោយអភិវឌ្ឍន៍អគារកំពស់១៧០ម៉ែត្រ គិតជាជាន់គឺ៥០ជាន់ ។

លោកបន្តថា “ទោះបីជាកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈ នៃជំងឺកូវីដ១៩ក្ដី តែក្រុមហ៊ុននៅតែបន្តដាក់ទុនវិនិយោគ ដោយភាពជឿជាក់ពីព្រោះថា កម្ពុជានិងចិនមានទំនាក់ទំនងល្អនឹងគ្នាយូរមកហើយ ហើយបើប្រៀបធៀបនឹងប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ាន គ្មានប្រទេសណាមានទំនាក់ទំណងល្អជាមួយចិនដូចកម្ពុជាឡើយ”។

លោកបន្តថា តាមរយៈគម្រោងអភិវឌ្ឍន៍ខុនដូនិងស្កាយបារ រ៉ូយ៉ាល់ស្កាយលែន ក៏ជាយុទ្ធសាស្ត្រមួយ នៅក្នុងយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិនផងដែរ ហើយយើងនឹងជំរុញឱ្យការអភិវឌ្ឍគម្រោងនេះឱ្យបានល្អ ជាមួយនឹងអភិវឌ្ឍន៍គម្រោងទី២ទី៣និងបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

លោកបន្ថែមថា “សម្រាប់គម្រោងអគាររ៉ូយ៉ាល់ស្កាយលែន នៅក្នុងទឹកដីនៃសង្កាត់ទួលទំពូងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានផ្សារទំនើបលីវវីងផ្លាហ្សា អគារខុនដូ និងជាអគារបែបទំនើបមួយនៅក្នុងប្រទេសកម្ពុជា”។

លោកឆន សុវណ្ណារាជតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ដែលជាទូតសុឆន្ទៈនៃអគាររ៉ូយ៉ាល់ស្កាយលែន ក៏បានឱ្យដឹងផងដែរថា លោកចាប់អារម្មណ៍ ចំពោះអគារមួយនេះដោយឃើញថាមានភាពទំនើប និងជាអគារខ្ពស់ជាងគេមួយក្នុងប្រទេសកម្ពុជា ហើយវានឹងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានឱ្យដឹងផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសពីការបើកប្រទេសឡើងវិញ វិនិយោគិនក៏បានចាប់ផ្ដើមធ្វើសកម្មភាពរបបស់ខ្លួនឡើងវិញ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសនឹងមិនទាន់ចូលមកទេភ្លាមនេះ។

លោកបន្តថា “សម្រាប់វិនិយោគិនបរទេស ដែលស្នាក់នៅកម្ពុជាស្រាប់ ឬវិនិយោ​គិនដែលមានអាជ្ញាបណ្ណរួច នឹងធ្វើសកម្មភាពខ្លួនភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here