អ្នកជំនាញអចលនទ្រព្យអាស៊ាន មានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២២ខាងមុខ

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យអាស៊ាន លោកច្រឹក សុខនីមបានមានប្រ​សាសន៍ថា ក្រុមអ្នកជំនាញអចលនទ្រព្យអាស៊ាន កំពុងមានសុទិដ្ឋិនិយមអំពីទីផ្សារអច​លនទ្រព្យនឹងងើបឡើងវិញ នៅអំឡុងឆ្នាំ២០២២ខាងមុខនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៤ វិច្ឆិកាកន្លងមកថា តាមការលើកឡើងរបស់អ្នកជំនាញ ក្នុងតំបន់នេះបានអះអាងថា តម្លៃអចល​នទ្រព្យនៅតំបន់នេះ មិនមានការធ្លាក់ចុះនោះទេ អំឡុងវិបត្តិកួវីដរយៈពេល២ឆ្នាំកន្លងមកនេះ ប៉ុន្តែចរន្តនៃការទិញលក់មានការធ្លាក់ចុះ។

លោកបន្តថា “ការទិញ លក់ធ្លាក់ចុះដូចនៅកម្ពុជាដែរ ដោយសារការព្រួយបារម្ភទាក់ទងនឹងជំងឺកូវីដ១៩”។លោកបន្តថា “អ្នកជំនាញអាស៊ានបានបង្ហាញសុទិដ្ឋិនិយមដូចគ្នាថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣វិស័យនេះ នឹងងើបឡើងវិញនិងជាពេលវេលា សម្រាប់ការចាប់ផ្តើមឡើងវិញ”។

លោកច្រឹក សុខនីមបានបន្តថា អ្នកជំនាញក្នុងវិស័យនេះ មកពីបណ្តាប្រទេសក្នុងតំបន់ក៏បានឲ្យដឹងក្នុងសន្និសីទសារព៌តមានផងដែរថា ទីផ្សារអចលនទ្រព្យក្នុងតំបន់នេះ នឹងឈានទៅរកភាពល្អប្រសើរ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីវិស័យនេះបានរងវិបត្តិដោយសារជំងឺកូវីដ១៩។

ទាក់ទងនឹងស្ថានភាពនៅកម្ពុជា អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះផងដែរថា ការបើក​ប្រទេសឡើងវិញរបស់រដ្ឋាភិបាល នឹងជាឱកាសមាសសម្រាប់ការចាប់ផ្តើមឡើងវិញនូវ​សកម្មភាពសេដ្ឋកិច្ច ដែលវិស័យអចលនទ្រព្យនឹងមានការរីកចម្រើនឡើងវិញ ជាបន្តបន្ទាប់នៅពេលឆាប់ៗខាងមុខនេះ ស្របពេលវិស័យនេះ នឹងបន្តរីកចម្រើនរយៈពេលវែង​បន្ថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here