អ្នកជំនាញអចលនទ្រព្យរំពឹងថាវិនិយោគិនបរទេស៣០ទៅ៤០ភាគរយនឹងចូលមកវិនិយោគនៅកម្ពុជាឡើងវិញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យក៏ដូចជាវិស័យជាច្រើនទៀត រំពឹងថានឹងមានកំណើនឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស និងអនុញ្ញាតឱ្យជនបរទេស អាចចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញបាន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣ វិច្ឆិកាកន្លងមកថា សម្រាប់ឆ្នាំ២០២១នេះ ដោយសារតែចុងឆ្នាំហើយ ដូច្នេះយើងមិនទាន់រំពឹងថា វិនិយោគិនបរទេសនឹងចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើននោះទេ ប៉ុន្តែនៅដើមឆ្នាំ២០២២ខាងមុខ លោករំពឹងថា វិនិយោគិនបរទេសដែលចូលមកវិនិយោគ នៅក្នុងប្រទេសអាចមានប្រមា​ណពី៣០ ភាគរយទៅ៤០ភាគរយ នៃវិនិយោគិនដែលមានមុនវិបត្តិកូវីដ១៩ ។

លោកបន្តថា សម្រាប់វិនិយោគិនក្នុងស្រុក ដែលមានដើមទុនច្រើនអាចត្រៀមខ្លួនទទួលផល ពីវត្តមានវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ ដោយអាចទិញដីនៅជាយៗរាជធានីភ្នំពេញ ដូចជានៅផ្លូវ៥១ ដីជាប់ផ្លូវក្រវ៉ាត់ក្រុង និងដីនៅម្ដុំភ្នំពេញថ្មីជាដើម ។

លោកបន្តថា “អ្នកមានលុយច្រើន អាចទិញទុកតែមួយរយៈពេលខ្លីប៉ុណ្ណោះនឹងទទួលបានប្រាក់ចំនេញត្រលប់មកវិញហើយ”។លោកបន្តទៀតថា “សម្រាប់អ្នកដែលមានដើមទុនតិចតួច អាចទិញនៅតាមបណ្ដាខេត្តសក្ដានុល ដូចនៅខេត្តកំពង់ស្ពឺ នៅតាមផ្នែកខ្លះនៃក្រវ៉ាត់ក្រុងទី៤ ដូចជា ខេត្តកណ្ដាល ខេត្តតាកែវ ដើម្បីទុកធ្វើការអភិវឌ្ឍរយៈពេលយូរ”។

សម្រាប់អ្នកដែលមិនមានហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយយកទុនពីប្រភពផ្សេងដូចជាធនាគារជាដើម អាចយកទៅវិនិយោគលើផ្ទះឬក៏ខុនដូ ពីព្រោះថាអចលនទ្រព្យទាំងនេះ អាចរកចំណូលត្រលប់មកវិញ ពីការជួលឱ្យអ្នកដទៃស្នាក់នៅបាន ហើយជនបរទេសគឺចូលចិត្តស្នាក់នៅក្នុងខុនដូណាស់ គេមិនសូវចូលចិត្តស្នាក់នៅផ្ទះជាប់ដៃនោះទេ ។

ជាមួយគ្នានេះអ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានលើកឡើងផងដែរថា សម្រាប់ឆ្នាំ២០២១ ចំនួនជនបរទេសចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា អាចនឹងមានតិចតួបប៉ុណ្ណោះ ដោយសារតែស្ថានភាពកូវីដ១៩នៅមិនទាន់ធូរស្រាលខ្លាំង ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ អ្នកនាងជឿថាវិនិយោគិនបរទេស នឹងចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាឡើងវិញជាក់ជាមិនខានជាពិ សេសទៅលើគម្រោងអភិវឌ្ឍន៍ខុនដូ ។

អ្នកជំនាញ និងអ្នកវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានសុទិដ្ឋិនិយមខ្ពស់ ចំពោះការវិលត្រលប់របស់វិនិយោគិនបរទេស ចូលមកកម្ពុជាជាពិសេសវិនិយោគិនជនជាតិចិន ក្នុងនោះដែរ លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ៥ឆ្នាំទៅមុខទៀត គ្មានវិនិយោគិនបរទេសណាដណ្ដើមតំណែងវិនិយោគិនចិននៅកម្ពុជា ដែលជាវិនិយោគិនលំដាប់ទី១នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here