លោកគាម សៀកឡុង បង្ហើបពីវិធីសាស្រ្តប្រើប្រាស់បំណុលដើម្បីវិនិយោគលើអចលនទ្រព្យដូចម្តេច?

0

ដោយ: ម៉ាលីស

ភ្នំពេញៈ ចាស់បុរាណរឺ អ្នកគិតបែបបុរាណ ដែលលើកឡើងថាមិនត្រូវខ្ចីលុយគេមករកស៊ីទេ មានលុយប៉ុន្មានរកប៉ុណ្ណឹងទៅ។ នេះជាគំនិតហួសសម័យ ដែលមិនទាន់សម័យកាលនិងមិនរីកចម្រើន។

 

ធនាគារគឺជាដៃគូដ៏ល្អបំផុតរបស់យើង មានធនធានមហាសាល ដែលប្រើមិនចេះអស់នឹងមិនចេះរីងស្ងួត អ្នកពូកែ អ្នកមានគឺជាអ្នកដែលចេះប្រើធនធានអ្នកដទៃ ដើម្បីកសាងភាពមានបានឲ្យខ្លួនឯង និងអ្នកជុំវិញខ្លួនចេះប្រើបំណុល ដើម្បីបង្កើនទ្រព្យ ដែលយើងតែងតែហៅថាជាបំណុលល្អនោះ ខុសពីអ្នកមធ្យម និងអ្នកក្រដែលយកទៅទិញស ម្ភារៈនិយមហើយច្រលំ ថាជាទ្រព្យ។

បំណុលមិនអាក្រក់ទេ នៅពេលដែលបងប្អូន ចេះប្រើឱ្យត្រូវគោលដៅយកទៅបង្កើតមុខរបរថ្មីឬ បង្កើនទ្រព្យមានបំណុល ធ្វើឲ្យយើងមានវិន័យដោយសារតែជាប់កាតព្វកិច្ចជាមួយនិងម្ចាស់បំណុល ធ្វើឲ្យខ្ញុំចេះត្បិតត្បៀតសន្សំសំចៃ (ត្រូវដកសំណងមុននឹងចាយ) ខិតខំប្រឹងប្រែងធ្វើការ ឬរកស៊ីអោយបានចំនួនច្រើនជាងមុន ចេះវិភាគពីការយកកម្ចីទៅប្រើយ៉ាងណា ដើម្បីឲ្យចំណេញឬឲ្យកើនទ្រព្យ អាចក្លាយទៅជាអ្នកមានសេរីភាពហិរញ្ញវត្ថុថែមទៀតផង។

ឧទាហរណ៍ បងប្អូនខ្ចីប្រាក់ពីធនាគារ ដើម្បីវិនិយោគលើអចលនទ្រព្យ អ្វីដែលបងប្អូនវិភាគលម្អិត គឺចំណាយផ្សេងៗ ទៅលើការវិនិយោគតើអត្រាការប្រាក់ប៉ុន្មានភាគរយក្នុងមួយខែ តើមានចំណាយអ្វីផ្សេង លើសពីចំណាយលើការប្រាក់ដែរឬទេ? តើវិនិយោគទៅមានឱកាសចំណេញ លើសចំណាយទាំងអស់ហ្នឹងដែរឬទេ? តើមានប្រាក់ខែដែលមានប្រភពចំណូល និងមានស្ថេរភាពដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសងត្រឡប់ទៅធនាគារដែរឬទេ ហើយបងប្អូនក៏ត្រូវគិតពីហានិភ័យរយៈពេលវែង ដូចករណីមានវិបត្តិសេដ្ឋកិច្ចឬបាត់បង់ការងារឬបាត់បង់ជំនួយជាដើម។

ប្រសិនបើយើងជ្រើសរើសអចលនវត្ថុ បានត្រឹមត្រូវនូវទីតាំងដែលមានសក្ដានុពល ឬដែលការអភិវឌ្ឍន៍និងសាយភាយទៅដល់ តម្លៃអចលនទ្រព្យមានកំណើនលើអត្រាការប្រាក់ឆ្ងាយណាស់ (ការប្រាក់ធនាគារជាមធ្យម៨%ភាគរយក្នុង១ឆ្នាំ)។ ចំណែកកំណើនតម្លៃដីប្រចាំឆ្នាំជាមធ្យមចន្លោះពី ២០% ទៅ ៣០% ហើយតំបន់ខ្លះកើនខ្ពស់រហូតដល់ពី ២ទៅ ៣ដង ទៅតាមទំនោរនៃការអភិវឌ្ឍន៍របស់រដ្ឋាភិបាល រឺគំរោងគម្រោងធំៗនានា។ ការវិនិយោគ លើអចលនទ្រព្យត្រូវការពេលវេលាយូរ យ៉ាងហោចណាស់ក៏ចាប់ពី2ឆ្នាំឡើងដែរ។

ឧទាហរណ៍ ដីតំបន់ក្រាំងក្នុងខ័ណ្ឌ សែនសុខ ខាងក្រោយបុរីភ្នំពេញថ្មី Elite Park 2 មុនពេលមានផ្លូវបេតុង តំលៃដីជាង២០០ដុល្លារក្នុង១ម៉ែត្រការ៉េ តែបន្ទាប់ពីមានផ្លូវបេតុងទំហំ១៦ម៉ែត្ររួចហើយ តម្លៃដីកើនដល់ ពី៤៥០ ដុល្លារទៅ ៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

ដូចនេះបើយើងវិភាគឃើញថា អចលនវត្ថុដែលយើងចង់ទិញ អាចឡើងថ្លៃលើសពីការប្រាក់ពីធនាគារ បូកជាមួយនឹងចំណាយផ្សេងៗទៀត យើងមានការងារ មុខរបរឬអាជីវកម្មដែលមានស្ថិរភាព ហើយមានលទ្ធភាពសងបំណុល យើងត្រូវហ៊ានខ្ចីលុយគេដើម្បីវិនិយោគ។

តែទោះជាយ៉ាងណាក៏ដោយ ការវិនិយោគអចលនទ្រព្យមិនចេះតែចំណេញទេ មានអតិថិជនទិញដី ឬផ្ទះបង់រំលោះមួយចំនួន លក់ទៅវិញក៏មានដែរ ជាពិសេសគឺខាតលើការប្រាក់តែម្ដង សរុបមក គួរខ្ចីលុយគេវិនិយោគអចលនទ្រព្យ រឺមិនគួរ អាស្រ័យទៅលើការវិភាគឲ្យបានលម្អិត ពីកត្តាមួយចំនួនដែលបានរៀបរាប់ខាងលើ បើឃើញថាមានឱកាសចំណេញ ពីការវិនិយោគ គួរហ៊ានសាកល្បងក្នុងការចាប់ផ្ដើមពីតូច ដើម្បីជាការរៀនសូត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here