ដោយៈ ជេស៊ីកា
ភ្នំពេញៈ ផ្នត់គំនិតនៃ “ការយកចិត្តគេដាក់ចិត្តយើង” មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ចំណុចនេះ ឱ្យបានជាក់លាក់នោះទេ។
ដោយៈ ជេស៊ីកា
ភ្នំពេញៈ ផ្នត់គំនិតនៃ “ការយកចិត្តគេដាក់ចិត្តយើង” មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ចំណុចនេះ ឱ្យបានជាក់លាក់នោះទេ។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Royal Group ដែលបានចាប់ផ្តើមបញ្ចេញទស្សនទាន និងផ្នត់គំនិតល្អៗជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមបានសរសេរថា “ថ្ងៃនេះ ខ្ញុំបានលើកយកគតិបែបចិត្តវិទ្យាមួយនេះ មកគិតម្តងទៀត ដើម្បីរំលឹកខ្លួនខ្ញុំផ្ទាល់ពីសារៈសំខាន់នៃផ្នត់គំនិតនេះ ក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងអាជីវកម្ម ក្នុងនាមជាអ្នកដឹកនាំម្នាក់”។
អ្នកឧកញ៉ាបានបន្តថា ការបកស្រាយដ៏សាមញ្ញបំផុតនៃផ្នត់គំនិត “ការយកចិត្តគេដាក់ចិត្តយើង” សំដៅលើសមត្ថភាព ក្នុងការទទួលស្គាល់អារម្មណ៍ពីអ្នកដទៃ និងយល់ពីទស្សនៈរបស់អ្នកដទៃលើស្ថានភាពមួយ។ បើពន្យល់ក្នុងន័យសម្រាយជាងនេះទៀតនោះ គឺមានន័យថា “ដាក់ខ្លួនអ្នកនៅក្នុងការគិតរបស់អ្នកដទៃ ហើយស្វែងយល់ពីអារម្មណ៍របស់ពួកគេក្នុងពេលនោះ” ទាំងអារម្មណ៍ ទាំងពុទ្ធិ និងទាំងក្ដីមេត្តា។
អ្នកឧកញ៉ាគិត ម៉េងបានបន្តថា ក្នុងនាមជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អស់រយៈពេលជាង៣០ឆ្នាំ ការសិក្សាចំណេះដឹង ដែលនៅពីក្រោយការរក្សាផ្នត់គំនិត “ការយកចិត្តគេដាក់ចិត្តយើង” គឺមានសារៈសំខាន់ ដូចជាការធ្វើឱ្យកិច្ចការសំខាន់ៗសម្រេចបានផងដែរ។
លោកបញ្ជាក់ថា ការជំរុញឱ្យរក្សាផ្នត់គំនិត “ការយកចិត្តគេដាក់ចិត្តយើង” ក្នុងការដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានជួយខ្ញុំឱ្យយល់ពីមូលហេតុ ដែលនៅពីក្រោយការប្រតិបត្តិការងារមិនល្អ ជួយបង្កើតអារម្មណ៍នៃការជឿទុកចិត្ត ជួយបុគ្គលិកដែលកំពុងខិតខំឱ្យមានភាពប្រសើរឡើងក្នុងការបំពេញការងារ ពង្រឹងទំនាក់ទំនង ហើយជាលទ្ធផល វានាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទៅរកកិច្ចសហការកាន់តែច្រើន និងផលិតភាពកាន់តែខ្ពស់។
សូមចងចាំថា សម្តីបង្កើតសកម្មភាព ទង្វើ បង្កើតទម្លាប់។ ចំពោះខ្ញុំផ្ទាល់ ផ្នត់គំនិត”ការយកចិត្តគេដាក់ចិត្តយើង” គឺជាលក្ខណៈសម្បត្តិដ៏សំខាន់បំផុតមួយ សម្រាប់អ្នកដឹកនាំដែលត្រូវមាន និងដើម្បីបង្ហាញទៅមនុស្សជុំវិញយើងថា “យើងគ្រាន់តែជាមនុស្សធម្មតា”។
អ្នកឧកញ៉ាបានបន្ថែមថា “ពេលខ្លះយើងបង្កើតកំហុស” ហើយយើងខិតខំប្រឹងប្រែងស្វែងយល់គ្នាទៅវិញទៅមក និងស្វែងយល់ពីបញ្ហាទាំងនោះ៕