ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិជាបន្តបន្ទាប់បានហូរចូលមក និងបានធ្វើប្រតិបត្តិការយ៉ាងសកម្មលើវិស័យអចលនទ្រព្យដែលធ្វើឱ្យវិស័យមួយនេះកាន់តែមានសកម្មភាពផុសផុលឡើង ។ការហូរចូលនៃក្រុមហ៊ុនជាភ្នាក់ងារអចលនទ្រព្យអន្តរជាតិធំៗមកកម្ពុជាបានផ្ដល់អត្ថប្រយោជន៍ធំធេងដល់កម្ពុជា។ តើអត្ថប្រយោជន៍អ្វីខ្លះដែលកម្ពុជាទទួលបានពីក្រុមហ៊ុនអន្តរជាតិទាំងនេះ ?
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចនវត្ថុកម្ពុជា បានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី១២ វិច្ឆិកា២០២១នេះឱ្យដឹងថា វាជាសញ្ញាវិជ្ជមាននិងល្អប្រសើរណាស់ ដែលមានក្រុមហ៊ុនអន្តរជាតិបន្តបន្ទាប់ចូលមកក្នុងប្រទេសកម្ពុជា។ វានឹងផ្ដល់ជាបទពិសោធន៍ដល់អ្នកជំនាញវិស័យអចលនទ្រព្យកម្ពុជា ផ្ដល់ចំណេះដឹង ពីព្រោះរាល់ក្រុមហ៊ុនFranchise នីមួយៗ សុទ្ធតែមានរបៀបរបប និងច្បាប់ទំលាប់ក៏ដូចជាក្រឹត្យក្រមរបស់គេច្បាស់លាស់។
លោកថា “ការនាំចូល ក្រុមហ៊ុនអចលនទ្រព្យទាំងនេះមកក្នុងស្រុក វាក៏មានរឿងមិនល្អខ្លះដែរ ប៉ុន្តែវាបានផ្ដល់ចំណេញច្រើនដល់កម្ពុជា ដោយយើងមិនចាំបាច់ខាតពេលវេលាក្នុងការកសាងក្រុមហ៊ុនមួយឱ្យធំហើយទើបធ្វើប្រតិបត្តិការនោះទេ ។សម្រាប់ចំណុចអវិជ្ជមាននោះ ពេលណាយើងនាំចូលFranchise ច្រើននឹងធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកពិបាកក្នុងការប្រកួតប្រជែង”។
លោកបន្តថា ការបង្កើតក្រុមហ៊ុនក្នុងស្រុកហើយកសាងវាឱ្យធំ រួចហើយនាំចេញFranchise ទៅកាន់ទីផ្សារបរទេសវិញក៏ជារឿងល្អដែរ ប៉ុន្តែបើសិនជាយើងគិតថាយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងម៉ាកយីហោក្រុមហ៊ុនឱ្យធំបាននៅពេលនេះ យើងអាចនាំចូលក្រុមហ៊ុនបរទេសមកធ្វើប្រតិបត្តិការសិនក៏ជារឿងល្អដែរ ។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ផងដែរថា លំហូរចូលនៃក្រុមហ៊ុន Franchise អចលនទ្រព្យគឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ហើយប្រទេសណាដែលមានការរីកចម្រើនជាបន្តបន្ទាប់ប្រទេសនោះ តែងតែមានក្រុមហ៊ុនអន្តរជាតិចូលរកស៊ីជាបន្តបន្ទាប់តែម្ដង។ ដោយឡែកដោយសារតែប្រទេសកម្ពុជាជាប្រទេសកំពុងមានការរីកចម្រើន ទើបមានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកកម្ពុជា។
លោកថា “ការចូលនៃក្រុមហ៊ុនអន្តរជាតិចូលមកក្នុងប្រទេសកម្ពុជាក៏បានបង្ហាញពីភាពរឹងមាំនិងម៉ត់នៃច្បាប់គ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាយើងដែរ”។
លោកបន្តថា ជាទូទៅ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលអាចលក់Franchiseចេញក្រៅប្រទេសបានគឺគេមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ ដូច្នេះហើយទើបយើងសង្កេតឃើញថា កាលណាមានលំហូរក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកកម្ពុជា នោះមានន័យថា គេនឹងនាំប្រព័ន្ធគ្រប់គ្រងមួយថ្មីទំនើបមកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើង ហើយវានឹងធ្វើឱ្យការអភិវឌ្ឍវិស័យអចលនទ្រព្យកាន់តែមានស្ដង់ដារដូចនឹងប្រទេសរបស់ពួកគេផងដែរ។
ជាការកត់សម្គាល់មកដល់ពេលនេះ មានក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនបានចូលមកកម្ពុជានិងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មដូចជាក្រុមហ៊ុន Century 21 ក្រុមហ៊ុន Killer William ( KW ) ក្រុមហ៊ុន Zillion Holding ក្រុមហ៊ុនCBRE ជាដើម ៕