អ្នកជំនាញសេដ្ឋកិច្ច អចលនទ្រព្យលើកឡើងពីស្ថានភាពកម្ពុជាក្រោយវិបត្តិកូវីដ តើទីផ្សារនេះនៅតែស្រូបទាញការវិនិយោគ?

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អបអរសាទរសម្រាប់កម្ពុជា ក្រោយប្រមុខរដ្ឋាភិបាលប្រកាសបើកប្រទេ​សឡើងវិញទាំងស្រុង និងទទួលភ្ញៀវទេសចរណ៍ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

តើយុទ្ឋសាស្រ្តបើកចំហរជើងមេឃនេះ នឹងជួយសេដ្ចកិច្ច និងផ្តល់កាលានុវត្តន៍ភាពដូច   ម្តេច ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស?។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាស​ន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះថា បើធៀបនឹងប្រទេសនានានៅតំបន់អាស៊ី កម្ពុជានៅតែមានភាពទាក់ទាញការវិនិយោគពីវិនិយោគិនបរទេស ដោយសារយើងមានធនធានមនុ​ស្ស កំលាំងពលកម្មនៅមានតម្លៃទាប ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានផ្តល់ផលចំណេញដល់ការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសជិតខាង។

អ្នកស្រីបន្តថា “តម្លៃដីនៅកម្ពុជាទាបជាងប្រទេសជិតខាង៥០ភាគរយ ខណៈប្រទេ​សថៃ វៀតណាមមានការប្រកួតប្រជែងខ្ពស់ ដែលធ្វើឲ្យវិនិយោគិនទទួលបានផលចំណេ​ញតិច ប៉ុន្តែទីផ្សារកម្ពុជានៅតែមានឱកាសចំណេញខ្ពស់ពីការវិនិយោគ”។ អ្នកស្រីបន្តថា “ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានជួយសម្រួលដល់បញ្ហាលិខិតស្នាម ដែលការងារ​មានភាពរលូន និងច្បាស់លាស់ជាងមុនផងដែរ”។

អ្នកស្រីអាន សុធីតាបានបន្តឲ្យដឹងទៀតថា ជាមួយគ្នានេះ ទាក់ទងនឹងទំហំដី និងផ្ទៃក្រឡាសំណង់ រដ្ឋាភិបាលក៏បានផ្តល់ភាពអនុគ្រោះដល់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ ដែលនេះជាភាពអំណោយផលក្នុងការវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា បើនិយាយពីវិបត្តិជំងឺកូវីដ១៩ យើងមានភាពធូរស្រាល និងបើកប្រទេស ប៉ុន្តែនៅប្រទេសវៀតណាមកំពុងកើនឡើង នៅប្រទេសថៃជាប់ព្រំដែនកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពទប់ទល់ឬមិនច្បាស់លាស់។ ហេតុនេះទោះបីប្រទេសរបស់យើងបានបើកក្តី ប៉ុន្តែអ្វីៗមិនទាន់ស្រួលទេ។

ជាក់ស្តែងដូចជាប្រទេសកូរ៉េ ជប៉ុន តៃវ៉ាន់ជាដើម ពួកគេមកប្រទេសយើងមិនបាច់ធ្វើចត្តាឡីស័ក តែពេលត្រលប់ទៅប្រទេសពួកគេវិញ រដ្ឋាភិបាលរបស់គេតម្រូវឲ្យធ្វើចត្តាឡីស័ក។

លោកបន្តថា “ការបើកទទួលទេសចរណ៍ អ្នកដំណើរជាតិ អន្តរជាតិដោយមិនធ្វើចត្តាឡីស័កជាសញ្ញាល្អ តែយ៉ាងណាយើងត្រូវការពេលវេលាបន្ថែមទៀត កុំរំពឹងខ្លាំងពេក”។​លោកបន្តថា “បើឆ្នាំ២០២២ អ្នកវិនិយោគដែលមានគំរោង មានអាជីវកម្ម និងទទួល​បានការអនុម័តគំរោងនៅកម្ពុជាត្រលប់មកវិញ ចាត់ទុកជាជោគជ័យមួយធំណាស់”។

លោកឧកញ៉ាបានបន្តទៀតថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជាល្អ ហេតុនេះបើនិយា​យពីភាពវិជ្ជមាន យើងមានភាពអំណោយផលច្រើន ប៉ុន្តែបើនិយាយពីភាពអវិជ្ជមានក៏មានខ្លះៗផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ចរន្តនៃការទិញលក់ អចលនទ្រព្យ និងសកម្មភាពក្នុងអាជីវកម្មនានា បានចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ពិសេសអ្នកវិនិយោគបរទេស​បានចាប់ផ្តើមចូលមកវិនិយោគនៅកម្ពុជាផងដែរ។

លោកបន្តថា “ដោយសារយើងគ្រប់គ្រងជំងឺកូវីដបានល្អប្រសើរជាងគេ មានប្រទេ​សខ្លះកំពុងច្រណែនយើង ដែលទាក់ទាញបានវិនិយោគិនចិនច្រើន ព្រោះកម្ពុជាមានសុវត្ថិភាព និងឱកាសច្រើននៅឡើយ”។ លោកបន្តថា “ទីផ្សារកម្ពុជានៅតែស្រូបទាញការវិនិយោគពីបរទេសច្រើន ដោយសារភាពអំណោយផលនៃតម្លៃអចលនទ្រព្យ ការសម្របសម្រួលការវិនិយោគបានល្អប្រសើរ ពិសេសទីផ្សារកម្ពុជានៅតែផ្តល់ផលចំណេញច្រើន”។

លោកច្រឹក សុខនីមបានបន្តថា កម្ពុជាមានតម្លៃអចលនទ្រព្យល្អប្រសើរ ថោកជាងប្រទេសជិតខាង៥០ភាគរយ នេះជាភាពល្អប្រសើរ ដែលអ្នកវិនិយោគអាចរកផលចំណេ ញបាន ព្រោះបើពួកគេមិនអាចរកផលចំណេញបាន ពួកគេក៏មិនអាចមកវិនិយោគនៅកម្ពុជានោះទេ។

ចំណែកលោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រ​សា​សន៍ឲ្យដឹងនៅថ្ងៃដដែលថា ការគ្រប់គ្រងជំងឺកូវីដបានល្អប្រសើរ ដែលអ្នកដំណើរជាតិ អន្តរជាតិ មិនចាំបាច់ធ្វើចត្តាឡីស័កជាចំណូចវិជ្ជមានទីមួយ។ ទី២ ច្បាប់វិនិយោគថ្មីរបស់កម្ពុជាបានផ្តល់ភាពអនុគ្រោះច្រើន ដល់អ្នកវិនិយោគជាតិ អន្តរជាតិ ទី៣ ច្បាប់ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលប្រយោជន៍របស់អ្នកផលិត និងការពារការប្រកួតប្រជែងមិនស្មើភាព ក៏ជាចំណែកមួយដ៏ល្អរបស់កម្ពុជា ក្នុងការផ្តល់ភាពកក់ក្តៅដល់វិនិយោគិនអន្តរជាតិផងដែរ។

ទី៤ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន កូរ៉េ ការទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ (GSP) ពីអាមេរិក អង់គ្លេស និងប្រព័ន្ឋអនុគ្រោះពន្ឋពីអឺរ៉ុប ក៏ជាផ្នែកដ៏សំខា​ន់ដែលផ្តល់ឲ្យទីផ្សារកម្ពុជា ទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិនាពេលខាងមុខផងដែរ។

លោកឧកញ៉ាលឹម ហេងបានបន្តថា “តាមរយៈវេទិការដ្ឋាភិបាល និងវិស័យឯកជន១៨លើកកន្លងមក ប្រមុខរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមយ៉ាងច្រើន ពិសេសផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជន”។ លោកបន្តថា “ហេតុនេះយើងនៅតែមានជំនឿជឿជាក់ថា កម្ពុជានឹងបន្តក្លាយជាទីផ្សារដ៏ល្អ និងស្រូវទាញអ្នកវិនិយោគបរទេសកាន់តែច្រើនថែមទៀតនាពេលអនាគតឆាប់ៗនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here