ក្រុមហ៊ុនធំចំនួន៤ ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីទាក់ទាញទាក់ទាញការវិនិយោគមកកាន់ខេត្តព្រះសីហនុ

0

ដោយៈ គង់ សិរីជេស៊ីកា

ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងគោលដៅទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ។

លោកជា កុកហុង មានប្រសាសន៍ពិធីចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា​កន្លងមកថា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានក្រុមហ៊ុនចំនួន៤ បានផ្តួចផ្តើមចងក្រងសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ។

ផ្តើមចេញពីផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង។
លោកបន្តថា “ផែនការនេះមានការគិតគូគ្រប់ជ្រុងជ្រោយ រួមបញ្ចូលទាំងការកំណ​ត់តំបន់អភិវឌ្ឍច្បាស់លាស់ ការរៀបចំគោលនយោបាយគាំទ្រ ពង្រឹងសមត្ថភាពស្ថាប័នរបស់ខេត្ត ដើម្បីធានាការទាក់ទាញអ្នកវិនិយោគពីបរទេស និងក្នុងស្រុក ប្រកបដោយគុណភាព ចីរភាព និងនិរន្តភាព”។

លោកបន្តថា “រាជរដ្ឋាភិបាល បានជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិន ជិន ជាវិទ្យាស្ថានដឹកមុខ ក្នុងរៀបចំផែនការអភិវឌ្ឍទីក្រុង សិន ជិននិងមានបទពិសោធន៍ បានរៀបចំគម្រោងប្រមាណ ៥៨០០គម្រោងនៅទូទាំងពិភពលោក។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងចូលរួមជាសក្ខីភាព ក្នុងការចុះហត្ថលេខាដែលមានក្រុមហ៊ុនចំនួន៤ សម្រាប់ការជម្រុញគាំទ្រ កៀរ​គរអ្នកវិនិយោគ និងអភិវឌ្ឍនៅខេត្តព្រះសីហនុ។ ប្រទេសជាតិ ក៏ដូចជាពិភពលោកស្ថិតក្នុងការគំរាមកំហែងពីកូវីដ-១៩ ក្នុងរយៈពេលកន្លងមក អត្រាកំណើនសេដ្ឋកិច្ចថយចុះតាមកម្រិត តាមការខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចាក់វ៉ាក់សាំង គិតមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំង៨៨ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេសធៀបនឹងប្រជាពលរដ្ឋ១៦លាននាក់។ ដោយឡែកខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងបាន ៩៥ភាគរយ។

ផ្ដើមចេញពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះដែរ សម្ដេចតេជោ បានប្រកាសបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ ចំពោះអ្នកទេសចរបរទេស និងជាតិដែលចាក់វ៉ាក់សាំងពេញលេញមានសិទ្ធិចេញចូលកម្ពុជា គ្រាន់តែធ្វើតេស្តម្តងគត់ អនុញ្ញាតឱ្យគាត់អាចធ្វើដំណើរបាន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងចាប់អារម្មណ៍ដាក់ចេញផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងដាក់ខេត្តព្រះសីហនុ ជាទីផ្សារហិរញ្ញវត្ថុ ផ្ដល់ភាពទាក់ទាញដល់អ្នកវិនិយោគក្រៅស្រុក និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

លោកបន្តថា សម្ដេចតេជោបានមើលឃើញ ពីការអភិវឌ្ឍរបស់វិស័យឯកជន ការសាងសង់អគារដ៏ស្កឹមស្កៃខ្ពស់នៅទីនេះ ប៉ុន្តែផ្លូវថ្នល់មានការលំបាក សម្ដេចក៏បានដាក់ចេញនូវគោលនយោបាយពីរ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយដកកញ្ចប់សន្សំថវិការបស់រាជរដ្ឋាភិបាលចំនួន១០០លានដុល្លារ កសាងបណ្ដាញខ្សែផ្លូវ និងអូរប្រឡាយមួយចំនួន។ ទី២ ប្រើប្រាស់គោលនយោបាយស្លឹកត្នោត ខ្ចប់ស្ករត្នោត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៤ខ្សែ ហើយសមិទ្ធផលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដើរហើយ នឹងសម្ភោធជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

ការសាងសង់ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ បានដាក់ឱ្យដំណើរការ ដោយស្ថានីយទីមួយមានសមត្ថភាពច្រោះទឹកកខ្វក់៥,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ស្ថានីយ៍ទី២ មានសមត្ថភាពច្រោះទឹកកខ្វក់៧,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបន្តសាងសង់អាងប្រព្រឹ​ត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពច្រោះទឹកកខ្វក់ ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here