យុទ្ធសាស្រ្តភូត កុហកចំនួន៦ប្រភេទ ដែលអ្នកវិនិយោគអចលនទ្រព្យមួយចំនួនគួរប្រុងប្រយ័ត្ន

0

ដោយ: ម៉ាលីស

ភ្នំពេញៈ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រកុហក ដើម្បីជំរុញទៅការលក់ទិញឬជួលអចលនទ្រព្យ ដើម្បីសម្រេចជោគជ័យរបស់ពួកគេ។

ដូចនេះ សូមលើកយកយុទ្ធសាស្ត្រកុហកទាំងនោះ មកបង្ហាញជាព័ត៌មាន ដើម្បីលោកអ្នកត្រឹះរឹះពិចារណាដូចតទៅ:

១ កុហកថាគម្រោងរបស់ពួកគេលក់អស់ជាច្រើនហើយ
ម្ចាស់គំរោងបុរីផ្ទះល្វែង និងខុនដូខ្លះ បានបំប៉ោងព័ត៌មានអតិថិជន ដើម្បីទទួលបានភាពទាក់ទាញ និងជំរុញដល់ការលក់របស់ពួកគេថា គម្រោងរបស់ពួកគេលក់អស់ច្រើនហើយដល់ ៧៥% ៨០% ៩០% ៩៥%…។ តែការពិតកុហកសោះ ពួកគេទើបតែលក់បាន១០% ទៅ១៥%ប៉ុណ្ណោះ។ ពួកគេព្យាយាមកុហកតាមតែអាចធ្វើទៅបានដូច្នេះអ្នកគួរប្រុងប្រយ័ត្នស្វែងរកព័ត៌មានឲ្យច្បាស់ជាក់លាក់។

២ កុហកថាលក់ប្រញាប់
ដោយសារតែពាក្យថា “ប្រញាប់លក់ លក់ប្រញាប់” ធ្វើឲ្យអតិថិជន គិតថាម្ចាស់អចលនទ្រព្យត្រូវការលុយ រឺមានបញ្ហាចាំបាច់ណាមួយកើតឡើង ប្រាកដជាពួកគេលក់ថោកនោះ ក៏បានធ្វើឲ្យអតិថិជនចាប់អារម្មណ៍យ៉ាងខ្លាំង អំពីផ្លាកសញ្ញានេះ ដោយរំពឹងថាអាចអចលនទ្រព្យ ដែលកំពុងពពាយនាយលក់នោះ ច្បាស់ជាមានតំលៃថោកជាងទីផ្សារដែលជាឱកាសធ្វើឲ្យពួកគេចំណេញ។

តែការពិតទៅវាមិនមែន សុទ្ធតែពិតប្រាកដទាំងអស់នោះទេ ហើយភាគច្រើនគឺជារឿងកុហក ពួកគេគ្មានប្រញាប់អីផងគេលក់ក្នុងតម្លៃខ្ពស់ដដែល។

៣ កុហកថាតម្លៃទីផ្សារខ្ពស់
ម្ចាស់អចលនទ្រព្យខ្លះ បានដាក់ស្លាកលេខទូរសព្ទលក់ដីរបស់ខ្លួន កន្លែងណាមួយ ហើយដីនៅជុំវិញនោះក៏មានដាក់លក់ដែរ ដោយស្លាកនោះមានលេខទូរសព្ទខុសគ្នា ដែលបន្លំថាជាដីរបស់អ្នកដទៃ។ ការពិតដីរបស់គាត់ទាំងអស់ ធ្វើបែបនេះ ដើម្បីឲ្យអតិថិជនទូរស័ព្ទទៅសួរតម្លៃដីជុំវិញនោះ ដើម្បីដឹងតម្លៃទីផ្សារ ហើយពួកគេនឹងឆ្លើយទៅកាន់អតិថិជននូវតម្លៃខ្ពស់ដើម្បីឲ្យ អតិថិជនគិតថាទីផ្សារតម្លៃខ្ពស់។

រីឯដីដែលពួកគេចង់លក់នោះ គឺតម្លៃទាបជាងគេដែលជាឱកាសចំណេញហើយសម្រេចចិត្តទិញ។

៤ បង្កើតជំលោះ
អចលនទ្រព្យខ្លះមានម្ចាស់កម្មសិទ្ធិពីរនាក់ ឬច្រើននាក់ពួកគេបានបង្កើតជាឆាកល្ខោន ធ្វើជាមានជម្លោះនឹងគ្នា មិនអាចសហការរកស៊ីជាមួយគ្នាបានទៀតទេ ហើយក៏សំរេចចិត្តលក់ដីដើម្បីចែកលុយគ្នាបែកផ្លូវគ្នា។ ពេលអតិថិជនឃើញព្រឹត្តិការណ៍បែបនេះស្មានថាអចលនទ្រព្យ និងមានតំលៃថោក អាចនឹងសម្រេចចិត្តទិញយ៉ាងឆាប់រហ័ស តែការពិតតម្លៃមិនថោកឯណា ត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ពីព្រោះព្រឹត្តិការណ៍ខ្លះជាគ្រោះថ្នាក់ជាជាងឱកាស។

៥ កុហកថាអចលនទ្រព្យទាំងនេះអ្នកធំទិញ
ម្ចាស់ខុនដូនិងបូរីខ្លះ ដែលកំពុងតែផ្សព្វផ្សាយលក់គម្រោងរបស់ខ្លួន ឱ្យឆាប់អស់ បានប្រើយុទ្ធសាស្ត្រកុហកថា ផ្ទះរឺខុនដូរបស់ខ្លួន មានអ្នកធំឬជនល្បីមានឥទ្ធិពលមួយចំនួនបានទិញ ឬកក់នៅត្រង់នេះត្រង់នោះ.. ។ ការពិតពួកគេគ្រាន់តែបញ្ចូលឈ្មោះចោលតែប៉ុណ្ណោះ ដើម្បីទាក់ទាញប្រជាប្រិយ៍ភាពបុរីរបស់ខ្លួន។

៦ លើកគម្រោងប្លង់មេ
ម្ចាស់ដីខ្លះបានធ្វើគម្រោងប្លង់មេរួមមាន ផ្ទះ ផ្សារ សាលារៀន ធនាគារ.. ដាក់លើផ្ទាំងយ៉ាងធំ ដើម្បីផ្សព្វផ្សាយលក់គំរោងរបស់ខ្លួន តែការពិតទៅពួកគេគ្មានគម្រោងធ្វើដាក់លក់នោះទេ។ ពួកគេគ្រាន់តែចង់ពុះដីឡូលក់ ឬលក់ខ្យល់តែប៉ុណ្ណោះ។ យុទ្ធសាស្ត្រនេះអាចធ្វើអតិថិជនជាប់ផុង នៅក្នុងរង្វង់ដីឡូត៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here