ដោយ៖ សុធារី
ត្បូង ឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” និងពិធីប្រកាសបេីកការដ្ឋានសាងសង់ផ្លូវជាតិលេខ “៧១C” បានមានប្រសាសន៍បង្ហាញពីផែនការរបស់សម្តេចក្នុងការកសាងស្ពានឆ្លងកាត់ស្ទឹងនិងទន្លេបន្ថែមទៀត ដោយដាក់ ២ទៅ៣គីឡូម៉ែត្រមួយ។
សម្តេចបានមានប្រសាសន៍ថា កូវីដ១៩បានធ្វើស៊ីស្ពានរបស់កម្ពុជាអស់ជាង២០ស្ពាន នេះបើតាមការគិតតម្លៃខ្ពស់ៗ។ សម្រាប់ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” បានចំណាយថវិកាប្រមាណ៥៦លានដុល្លាអាមេរិក ដែលជាជំនួយពីមិត្តចិន និងថវិកាសរុបតាមការគណនារបស់ក្រសួងសេដ្ឋកិច្ចសរុបប្រមាណ៧១លានដុល្លាអាមេរិក។
សម្តេចបានបង្ហើបថា រដ្ឋាភិបាលបានត្រៀមថវិកាជាទឹកប្រាក់សន្សំក្នុងផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រមាណ ៣៥០០លានដុល្លាអាមេរិក ដោយមានគោលដៅ២ភាគ៣សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយដាក់គោលដៅការកសាង២គីឡូម៉ែត្រស្ពានមួួយ។
សម្តេចបានថ្លែងថា “នៅពេលប្រាក់សន្សំរបស់យើងកើនដល់កម្រិតមួយហើយ ខ្ញុំនឹងចង្អុលការណ៍យកតែម្តង ធ្វើស្ពាននេះ ធ្វើស្ពាននោះ។ ខ្ញុំចង់លេងថាដូចជា ព្រែកត្នោត ខ្ញុំចង់ឱ្យព្រែកត្នោត២គីឡូស្ពានមួយៗ ទន្លេតូច ស្ទឹងពោធិ៍សាត់ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ ស្ទឹងដែល២គីឡូស្ពានមួយ៣ គីឡូស្ពានមួយ។”
សម្តេចបានបន្តថា “ស្ពានមួយថាអស់១លានដុល្លាចុះ ប្រើតែមួយរយលានបាន១០០ស្ពាន។” សម្តេចតេជោក៏បញ្ជាក់ថានឹងកសាងស្ពានឆ្លងកាត់ ទន្លេមេគង្គនិងទន្លេបាសាក់បន្ថែមទៀត តែជាអកុសល កូវីដ១៩ បានទាញយកថវិកាអស់ប្រមាណ២៣០០លានដុល្លាអាមេរិក៕