សារមន្ទីរអូឡាំពិកថ្មីមួយ នឹងបង្កើតឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមជំនួយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី

0

ដោយ: ម៉ាលីស

ភ្នំពេញៈ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងពត៍មានអោយដឹងថា សារមន្ទីរអូរឡាំពិកថ្មីមួយ នឹងកើតមាននៅក្នុងសំណង់ប្រវត្តិសាស្ត្រកីឡាថ្មីរបស់កម្ពុជា គឺពហុកីឡ​ ដ្ឋានជាតិមរតកតេជោ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយការរៀបចំសារមន្ទីរអូឡាំពិកនេះ ក្រោមជំនួយរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។

នេះជាផលប្រយោជន៍មួយ នៅក្នុងចំណោមផលប្រយោជន៍ធំៗចំនួន៣ ដែលគណៈប្រតិភូកីឡាកម្ពុជាទទួលបាន នៅក្នុងបេសកកម្មនៃមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសអមដំណើរលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ និងជាប្រធាន NOCC និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញវិលត្រ​លប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន មានប្រសាស៍ថា នៅក្នុងបេសកកម្មអន្តរជាតិនេះ គឺទី១-កម្ពុជាបានចូលរួមមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិ ទ្ធិ។ ទី២-កម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។

ទី៣-កម្ពុជាទទួលបានជំនួយមួយចំនួន លើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមជ្ឈមណ្ឌលអូឡាំពិកដ៏ធំមួយ ផ្ទុកនូវឯកសារប្រវត្តិ នៃចលនាអូឡាំពិកជាតិរបស់យើង ហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញ សម្រាប់ការស្រាវជ្រាវនូវឯកសារកីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួលបានពីអង្គមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានចាត់ទុកថា “នេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូកីឡាកម្ពុជា ចូលរួមក្នុងបេសកកម្មនាពេលនេះ ទទួលបានលទ្ធផលជោគជ័យ ប្រកបដោយមោទនភាពបំផុត”។

នៅក្នុងពិធីចុះហត្ថលេខាទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នេះ លោក ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់-ទទួលសិទ្ធិជាផ្លូវការរួមគ្នាជាមួយប្រធានស្តីទី ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេ​សអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ប្រទេស នៃទ្វីបអាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here