ស្ពានតភ្ជាប់កោះពេជ្រ កោះនរា និងស្ពានតភ្ជាប់ផ្លូវជាតិលេខ១កំពុងសម្រេចបានតាមផែនការ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ពានសាងសង់តភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរា និងស្ពានតភ្ជាប់ពីកោះនរា ទៅកាន់ផ្លូវជាតិលេខ១ បាននិងកំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ ការសាងសង់សរសេរស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរា សម្រេចបានប្រមាណ៧០ភាគរយហើយ និងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។

ចំណែកស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១បានសាងសង់សរសេរស្ពានរួច១០០ភាគរយហើយ ដែលស្ពាននេះនឹងបញ្ចប់នៅឆ្នាំ២០២២។

លោកបន្តថា “ស្ពានទី២ដែលមានប្រវែង៥០ម៉ែត្រនេះ នឹងចេញមកផ្លូវជាតិលេខ១នៅតំបន់មុខពេទ្យជោរ៉ៃ ដែលវានឹងជួយសម្រួលការកកស្ទះចរាចរណ៍ នៅផ្លូវជាតិលេខ១យ៉ាងច្រើននាពេលអនាគត”។ លោកបន្តថា “បច្ចុប្បន្នមន្ទីរសាធារណៈការរាជធានីភ្នំពេ​ញកំពុងសិក្សាពីលំហូរចរាចរណ៍ ដែលស្ពានទាំងពីរនេះមិនអនុញ្ញាត្តឲ្យរថយន្តដឹងទំនិញឆ្លងកាត់ឡើង ប៉ុន្តែអនុញ្ញាត្តឲ្យប្រភេទទេសចរណ៍ឆ្លងកាត់បាន”។

លោកទូច សំណាងបានបន្តថា ស្ពានទី២នេះ ជាប្រភេទស្ពានភ្លោះដែលនឹងសម្រួល​ការធ្វើដំណើរចេញចូលនៅពេលសាងសង់ចប់ ខណៈការចាក់ដីបំពេញទីក្រុងកោះនរាទាំងមូល នឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុងនឹងបញ្ចប់នៅ​ចុងឆ្នាំ២០២៣ខាងមុខនេះ។

ទីក្រុងកោះនរាមានទំហំសរុប១២៥ហិកតា ដែលវិនិយោគដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC ជាក្រុមហ៊ុនដែលកំពុងវិនិយោគទីក្រុងរណបធំៗចំនួន៣រួមមានទីក្រុងកោះពេជ្រ ទីក្រុងកោះនរា និងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here