តើផ្ទះសំណាក់មានប្រភពនិងកើតមានតាំងពីពេលណា?

0

ដោយគង់ សូរិយា

ភ្នំពេញៈ ផ្ទះសំណាក់ ត្រូវបានគេឃើញមានពាសពេញទីក្រុងនានារបស់កម្ពុជា ប៉ុន្តែគេមិនដឹងថា វាចាប់កំណើតតាំងពីពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេចនិងតាម​របៀបណានោះទេ។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម ត្រង់គាថា១២២ ១២៣ ១២៤ ១២៥ និង១២៦ បានឱ្យដឹងថា នៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជា បុរាណមានធម្មសា​លាចំនួន១២១ ដែលព្រះរាជាសម័យនោះគឺព្រះបាទជ័យវរ្ម័ន ទី៧ បានកសាងសម្រាប់ឱ្យប្រជាពលរដ្ឋ ស្នាក់អាស្រ័យបណ្តោះអាសន្ន ក្នុងកំឡុងពេលគេធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬពីអាណាខែត្រមួយទៅអាណាខែត្រមួយទៀត។ នៅក្នុងធម្មសាលានីមួយៗមានភ្លើងសម្រាប់ឱ្យភ្ញៀវដុតបំភ្លឺបានថែមទៀតផង។

នៅតាមដងផ្លូវនានា ពីយសោធបុរទៅកាន់នគរចម្ប៉ា ព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់បានកសាងសាលាសំណាក់ជាច្រើនទៀតរួមមាន៖

• សាលាសំណាក់ចំនួន៥៧ ពីរាជបុរីដល់បុរីពិម៉ាយ។
• សាលាសំណាក់ចំនួន១៧ ពីរាជបុរីដល់ជ័យវតី ពីជ័យវតីដល់ជ័យសិង្ហវតី ពីជ័យសិង្ហវតីដល់ជ័យវីរវតី ពីជ័យវីរវតីដល់ជ័យរាជគិរី ពីជ័យរាជគិរីដល់ស្រីសុវីរបុរី។

• សាលាសំណាក់ចំនួន៤៤ ពីក្រុងស្រីសុវីរបុរី ដល់យសោធបុរ និងមានសាលាសំណាក់១នៅស្រីសូរ្យបព៌ត(ភ្នំជីសូរ) ១នៅស្រីវិជយាទិត្យបុរ ១ទៀតនៅកល្យាណសិទ្ធិក។ ដោយសាលាសំណាក់នីមួយៗមានប្រដាប់សម្រាប់បង្កាត់ភ្លើងផងដែរ។

សរុបមកព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់បានកសាងធម្មសាលា ឬសាលាដំណាក់ដែលជាផ្ទះសំណាក់ សម្រាប់ផ្តល់ឱ្យអ្នកដំណើរ ឬទេសចរ ស្នាក់នៅក្នុងអំឡុងពេលគេធ្វើដំណើរឆ្លងកាត់មានចំនួន ១២១ នៅទូទាំងប្រទេស។

ផ្ទះសំណាក់នាសម័យនោះ មិនត្រូវបានគិតប្រាក់ពីភ្ញៀវទេ ហើយក៏គ្មានបម្រើអ្វីច្រើន ក្រៅពីការផ្តល់នូវប្រដាប់ សម្រាប់បង្កាត់ភ្លើងបំភ្លឺនាពេលរាត្រីដែរ។ ការផ្តល់នូវភ្លើងសម្រាប់បំភ្លឺពេលយប់ ត្រូវគ្រប់គ្រងដោយអាចារ្យម្នាក់ ដែលជាពុទ្ធបរិស័ទជាសក្ខីភាពបង្ហាញពីសីលធម៌ ព្រមទាំងការប្រោះប្រណីពោរពេញ ទៅដោយសប្បុរសធម៌របស់ព្រះមហាក្សត្រខ្មែរ ចំពោះអាណាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ស្រទាប់វណ្ណៈ។

គេហៅផ្ទះសំណាក់នាសម័យនោះថា សាលាធម៌ ដំណាក់ សាលាដំណាក់ ឬសាលាសំណាក់។

នៅក្នុងកំណត់ហេតុរបស់ជីវ តាខ្វាន់ដែលបានមកដល់ប្រទេសកម្ពុជា នៅក្នុងកំឡុងឆ្នាំ ១២៩៨ ក៍បាននិយាយពីវត្តមាន របស់សាលាសំណាក់ទាំងនេះដែរ។ ចំពោះទំនៀមទំលាប់នៃការកសាងសាលាសំណាក់ នោះនៅក្នុងប្រទេសកម្ពុជាយើង មានបន្តរហូតមកដល់សព្វថ្ងៃ។

ប៉ុន្តែចាប់តាំងពីសម័យក្រោយអង្គរមក ខ្មែរយើងតែងសង់ធម្មសាលា ឬសាលាដំណាក់ពីឈើតែប៉ុណ្ណោះ។ ទើបតែបច្ចុប្បន្នដែលយើងមានសាលាសំណាក់ខ្លះ ធ្វើពីឈើខ្លះ និងធ្វើពីថ្មខ្លះ។

មុន​នឹង​កកើត​សណ្ឋាគារ​ប្រណីត​ៗ​ឬ ផ្ទះ​សំណាក់​ដែល​សម្បូរ​បែប​ដូច​បច្ចុប្បន្ន​ ខ្មែរ​ធ្លាប់​មាន​ផ្ទះ​សំណាក់​ តាំង​ពី​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ ទី​៧​មក​ម្ល៉េះ ដែល​ត្រូវ​​បាន​កសាង​សម្រាប់​ឱ្យ​ប្រជារាស្ត្រ​ ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដោយ​មិន​គិត​ថ្លៃ​ និង​ពុំ​ទាន់​មាន​សេវាកម្ម​ច្រើន​នៅ​ឡើយ​ទេ​ ពោល​គឺ​មាន​មាន​តែ​ការ​ផ្ដល់​នូវ​ប្រដាប់ ​សម្រាប់​បង្កាត់​ភ្លើង​​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់​តែ​ប៉ុណ្ណោះ៕ ប្រភពArchCambodia៕

ឯកសារយោង៖ ដំណើរការសណ្ឋាគារ Hotel Operation (ច្រឡឹងសុមាធា, យ៉ែម ច័ន្ទរិទ្ធ, វ៉ាត់ វ៉ាន់វីរៈ) ភ្នំពេញ ២០១២

LEAVE A REPLY

Please enter your comment!
Please enter your name here