ផ្លូវជាតិសំខាន់ៗចំនួន៥ និងគំរោងស្ពានចំនួនបីធំៗគ្រោងនឹងសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន៥ និងស្ពានធំៗចំនួនបី បានស្ថិតក្នុងផែនការអាទិភាព ដែលត្រូវកែលំអរ និងស្ថាបនានៅឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ ធ្នូកន្លងមកថា បណ្តាញផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ31 ផ្លូវជាតិលេខ33 ផ្លូវជាតិលេខ 44ផ្លូវជាតិលេខ 41 និងផ្លូវជាតិលេខ7 តភ្ចាប់ពីស្គន់ ទីរួមស្រុកជើងព្រៃ ទៅកាន់ក្រុងកំពង់ចាម នឹងត្រូវពង្រីកជាបួនគន្លង ពីរទៅពីរមក និងមានសួនច្បារចំកណ្តាល។

លោកបន្តថា ជាមួយគ្នានេះ ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្បែរទីក្រុងក្រចេះ នឹងស្ថាបនានៅឆ្នាំ២០២២ផងដែរ ដោយសារស្ពាននេះបានសិក្សាចប់ និងមានកញ្ចប់ថវិការួចហើយ នៅឡើយរង់ចាំកាលវិភាគរបស់សម្តេចតេជោប៉ុណ្ណោះ។

លោកបន្តថា ចំណែកស្ពានព្រែកប្រា តភ្ជាប់ទៅកាន់ផ្លូវ៦០ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់នឹងសាងសង់ នៅឆ្នាំ២០២២ផងដែរ នេះបើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល​រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសដែលអញ្ជើញចូលរូម អមដំណើរសម្តេចតេជោក្នុងឱកាសសម្ភោធស្ពានស្ទឹងត្រង់ ក្រូចឆ្មារកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លង​មកនេះ។

លោកវ៉ាស៊ីម សូរិយាបានបន្តទៀតថា ចំណែកស្ពានជ្រោយចង្វារ តភ្ជាប់ទៅកាន់តំបន់ស្វាយជ្រុំ បាននិងកំពុងសិក្សាដោយក្រុមអ្នកជំនាញកម្ពុជា កូរ៉េបណ្តើរៗហើយ ខណៈស្ពាននេះ ស្ថិតក្នុងផែនការសិក្សាបឋមនៅឡើយ។
យោងតាមផែនការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲឲ្យដឹងថា រដ្ឋាភិបាលគ្រោងខ្ចីឥណទានពីប្រទេសជា ដៃគូអភិវឌ្ឈន៍ចំនួន១៦០០USD នៅឆ្នាំ២០២២ខាងមុខនេះ ដើម្បីយកមកប្រើប្រាស់លើគំរោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះគំរោងសាងសង់ស្ពាន ជ្រោយចង្វារ តភ្ជាប់ទៅតំបន់ស្វាយជ្រុំ ស្ថិតក្នុងផែនការអាទិភាពនៃហេដ្ឋារចនាសម្ព័ន្ឋចំនួន៦ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២២ខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here