លោកយិន លាងគង់: ការវិនិយោគដីជាយក្រុងនៅតែមានផលចំណេញនិងមិនជាប់គាំងដោយសារកត្តាទាំងនេះ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ការវិនិយោគដីធ្លី នៅតែមានប្រជាប្រិយភាព និងមានភាពសកម្មជាងគេ ទោះក្នុងអំឡុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែទីផ្សារដីធ្លីនៅតែមានភាពរសរវើក សម្រាប់តំបន់សំខាន់ៗមួយចំនួន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដាន និងសិក្សាវិភាគលើវិស័យនេះបានឲ្យដឹងថា ការវិនិយោគដីធ្លីនៅជាយក្រុង និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចធំៗ នៅតែមានការពេញនិយម ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកនូវហេតុផលមួយចំនួន ដែលអ្នកវិនិយោគដីធ្លីនៅតែផ្តោតលើតំបន់ជាយក្រុងភ្នំពេញ ជាជាងនៅតាមបណ្តាខេត្តឆ្ងាយៗ។

លោកបានលើកឡើងនូវកត្តាសំខាន់ៗទាំង៥នេះ ដើម្បីអ្នកវិនិយោគអាចសិក្សាស្វែងយល់ និងយកទៅពិចារណា។
កត្តានគរូបនីយកម្ម

កត្តានគរូបនីយកម្ម ជាផ្នែកដ៏សំខាន់មួយ ដែលជួយធ្វើឲ្យតម្លៃដីធ្លីកើនឡើង និងមានតម្រូវការច្រើន ព្រោះនគរូបនីយកម្មបានផ្សារភ្ជាប់យ៉ាងរសរវើក ជាមួយប្រជាសាស្រ្ត ជាមួយសេដ្ឋកិច្ច សំណង់ និងអចលនទ្រព្យនានានា។
កត្តានគរូបនីយកម្ម ក៏ចូលរួមចំណែកឆ្លុះបញ្ចាំង ពីការរីកចម្រើនសេដ្ឋកិច្ច សង្គម និងបរិស្ថានមនុស្ស និងធម្មជាតិផងដែរ។

ការហូរចូលនូវប្រជាជនថ្មី
តាមការសិក្សារបស់ស្ថាប័នអន្តរជាតិនានាបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមា​ណ២៥ម៉ឺននាក់ បានហូរចូលមករស់នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ដោយសារពួកគេស្វែងរកគុណតម្លៃជីវិត និងលើកកំពស់គុណភាពជីវិតប្រសើរជាងមុន ហើយនិន្នាការនេះ​បាននិងកំពុងកើតមាន នៅគ្រប់បណ្តាទីក្រុងនានានៅលើពិភពលោក។

ការរីកចម្រើននៃនគរូបនីយកម្ម ដែលបានលើកឡើងខាងលើ ក៏ផ្សារភ្ជាប់ជាមួយនឹងកំណើនប្រជាសាស្រ្តនៅក្នុងទីក្រុងផងដែរ ជាក់ស្តែងប្រជាជនកម្ពុជាជិត៧លាននាក់ បានរស់នៅតាមបណ្តាទីក្រុងនានា នៃខេត្តនិមួយៗ និងរាជធានីភ្នំពេញ (តួលេខរបស់ធនាគារពិភពលោកឆ្នាំ២០១៩)។

ក្នុងហេតុផលនេះហើយ ដែលក្រសួងមហាផ្ទៃ គ្រោងបង្កើតឲ្យមានទីក្រុងកាន់តែច្រើននៅតាមបណ្តាទីរួមស្រុកនានា ដើម្បីទាក់ទាញការវិនិយោគ និងជម្រុញកំនើននៃការអភិវឌ្ឍ។

ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល
តាមធម្មតា នៅរាជ និងរដ្ឋធានីរបស់ប្រទេសមួយ រដ្ឋាភិបាលតែងតែផ្តោតអាទិភាពលើការអភិវឌ្ឍទីក្រុងជាមុន មុនគិតទៅអភិវឌ្ឍន៍នៅតាមបណ្តាខេត្តដទៃទៀត ព្រោះរាជនិងរដ្ឋធានីរបស់ប្រទេសមួយ ជាមុខមាត់របស់ជាតិមួយ នៅនឹងភ្នែក ច្រមុះ ដែលឃើញមុនគេ។

ជាក់ស្តែងរាជធានីភ្នំពេញបាន និងកំពុងពង្រីកជាបន្តបន្ទាប់ និងគ្រោងពង្រីកបន្ថែមទៀតក្នុងរង្វង់ជុំ៣០គីឡូម៉ែត្រការ៉េ។ ដូច្នេះនៅពេលទីក្រុងរីក ហេដ្ឋារចនាសម្ព័័ន្ឋធំៗនឹងទៅដល់ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ទឹក អគ្គិសនីនឹងទៅដល់មុនគេ តាមរយៈការវិភាជថវិកាជាតិរបស់រដ្ឋាភិបាល។

តំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច
ជាកត្តាសត្យានុម័ត នៅទីណាមានមនុស្សរស់នៅច្រើន ជាកន្លែងដែលសកម្មភាព​សេដ្ឋកិច្ចមានភាពរសរវើកជាងគេ និងមានចរន្តទិញលក់ សកម្មជាងគេ ពិសេសតម្លៃដីធ្លីនឹងកើនខ្ពស់ជាងគេផងដែរ។

មានមនុស្សមានសកម្មភាពសេដ្ឋកិច្ច ​មានមនុស្សមានច្រវ៉ាក់ផលិតកម្ម មានមនុស្សរស់នៅច្រើនតម្រូវការដីធ្លី និងទំនិញដទៃទៀតនឹងកើនឡើងផងដែរ។

ជាក់ស្តែងតំបន់ជាប់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ កាលពី៥ឆ្នាំមុន ជាតំបន់ស្ងាត់ ដីធ្លីគ្មានតម្លៃ និងគ្មានមនុស្សរស់នៅ ប៉ុន្តែបច្ចុប្បន្ននេះតម្លៃដីធ្លីបានកើនឡើង ដោ​យសារចរន្តមនុស្សទៅរស់នៅកាន់តែច្រើន ស្របពេលរោងចក្រ ឧស្សាហកម្ម ការសាងសង់លំនៅដ្ឋាន និងបុរីនានាបានកើតមានព្រោងព្រាត។

តំបន់ងាយទទួលរងឥទ្ឋិពល
វាប្រៀបបីដូចឪពុក ម្តាយ កាលណាមានមនុស្សច្រើន តែងតែជួយកូនសិក្សា រៀន​សូត្រ ដើម្បីអភិវឌ្ឍន៍៍សមត្ថភាព ក៏ដូចជាចែកធនធានដល់បុត្រ ធីតារបស់ខ្លួនហើយ។

តំបន់ជាយក្រុងក៏ដូចគ្នាផងដែរ កាលពីទីក្រុងមានការរីកចម្រើនលឿន នឹងជះឥទ្ឋិ ពលទៅកាន់តំបន់ជាយក្រុង ដោយស្វ័យប្រវត្តិទាំងហេដ្ឋារចនាសម្ព័ន្ឋ សកម្មភាពសេដ្ឋកិច្ច​លំហូរមូលធន ដោយសារការកើនឡើងនូវចំនួនមនុស្ស ដែលស្វែងរកឧត្តមភាពជីវិត ក៏ដូចជា ស្វែងរកគុណភាពជីវិតមានភាពប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here