អាមេរិក អូស្ត្រាលី ជប៉ុន ស្រាក់លុយគ្នាជួយដល់គម្រោងខ្សែកាបក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក

0

ដោយៈសុខុម

អន្តរជាតិ: សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានប្រកាសថា ខ្លួននឹងរួមគ្នាផ្តល់មូលនិធិ ជួយដល់គម្រោងតបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ដើម្បីបង្កើនការផ្ដល់សេវាអ៊ីនធឺណេត ដល់ប្រទេសតូចៗចំនួន៣ ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចកំពុងប្រឹងប្រែងទប់ឥទ្ធិពល ដែលកំពុងកើនឡើងរបស់មហាយក្សចិន នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Aljazeera ដែលចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ធ្នូ ឱ្យដឹងថា សម្ព័ន្ធមិត្តលោកខាងលិចទាំង៣នេះ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១២ ធ្នូ ថា ខ្លួននឹងអភិវឌ្ឍបណ្ដាញខ្សែកាប ដើម្បីផ្តល់អ៊ីនធឺណិតលឿនជាងមុន ដល់ប្រទេសដែនកោះណូរូ (Nauru) ប្រទេសគីរីបាទី (Kiribati) និងប្រទេសមីក្រូណេស៊ី (Micronesia)។

សម្ព័ន្ធមិត្តទាំង៣នេះ បានចេញសេចក្តីថ្លែងការណ៍រួមថា“គម្រោងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ជំរុញឱកាសអភិវឌ្ឍន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅ នៅពេលដែលតំបន់នេះងើបឡើង ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កឡើងដោយវិបត្តិកូវីដ-១៩”។

ទោះជាយ៉ាងណា ប្រទេសជាសម្ព័ន្ធមិត្តទាំង៣នេះ មិនបានទម្លាយឱ្យដឹងថា តើគម្រោងខ្សែកាបនេះ មានទំហំធំប៉ុណ្ណាឡើយ ប៉ុន្តែប្រហែលជាមិនតិចពាន់ដុល្លារនោះឡើយ។

សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានការព្រួយបារម្ភថា ខ្សែកាបដែលដំឡើងដោយមហាយក្សចិន អាចបង្កអសន្តិ​សុខក្នុងតំបន់។

ជាការឆ្លើយ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធទាំងស្រុងថា ខ្លួនគ្មានចេតនាណាមួយ ក្នុងការប្រើប្រាស់ខ្សែកាបអុបទិកពាណិជ្ជកម្ម ដែលមានសមត្ថភាពបញ្ជូនទិន្នន័យ ប្រសើរជាងផ្កាយរណបឆ្ងាយ ដើម្បីធ្វើចារកម្មយកការណ៍សម្ងាត់ពីប្រទេសដទៃឡើយ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here