ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ផ្ទះលំហែកាយដីលំហែកាយភាគច្រើន ត្រូវបានអភិវឌ្ឍន៍នៅតំបន់ដែលឆ្ងាយពីទីប្រជុំជន ជាលក្ខណៈឯកជន ហើយការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងជំរុញឱ្យដីធ្លីនៅតំបន់ជុំវិញនោះ កាន់តែមានហាងឆេងមួយកម្រិតទៀត។

ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ផ្ទះលំហែកាយដីលំហែកាយភាគច្រើន ត្រូវបានអភិវឌ្ឍន៍នៅតំបន់ដែលឆ្ងាយពីទីប្រជុំជន ជាលក្ខណៈឯកជន ហើយការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងជំរុញឱ្យដីធ្លីនៅតំបន់ជុំវិញនោះ កាន់តែមានហាងឆេងមួយកម្រិតទៀត។

ជាក់ស្ដែងបទពិសោធន៍កន្លងមក ដូចជា នៅខេត្តកំពត និងខេត្តមណ្ឌលគីរី បានធ្វើឱ្យតម្លៃដី ដែលមិនសូវមានការចាប់អារម្មណ៍ ក្លាយជាដីដែលមានហាងឆេងខ្ពស់ជាមុន។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលបានអភិវឌ្ឍន៍ដីលំហែកាយបូកគោលែន នៅក្នុងខេត្តកំពតបានឱ្យដឹងថា ការអភិវឌ្ឍតែងតែនាំមកនូវភាពរីកចម្រើន ហើយការអភិវឌ្ឍន៍ដីផ្ទះលំហែកាយរបស់លោក ដែលស្ថិតនៅក្នុងគម្រោងផ្លូវជាតិលេខ៤៣ នឹងជំរុញសក្ដានុពលនៅតំបន់នោះ កាន់តែមានសន្ទុះមួយកម្រិតទៀតផងដែរ ។
លោកបន្តថា “ការអភិវឌ្ឍដីផ្ទះលំហែកាយ ក៏នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនក្នុងភូមិក្នុងតំបន់នោះផងដែរ ដូចជាការលក់ដូរផលិតផលកសិកម្មដែលដាំដុះបាន ហើយកសិករក្នុងតំបន់នោះ ក៏អាចដាំដុះបន្ថែមបង្កើនចំណូលក្នុងគ្រួសារផងដែរ”។

ជាមួយគ្នានេះ លោកផឹង សុភី អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីផ្ទះលំហែឧទ្យានកោះព្រែក ខេត្តកំពតក៏បានឱ្យដឹងថា មុននឹងចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង អ្នកវិនិយោគត្រូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីផ្លូវធំទៅកាន់ទីតាំងគម្រោង ហើយនៅពេលមានការអភិវឌ្ឍផ្លូវបែបនេះ វាក៏នឹងជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ មានសន្ទុះមួយកម្រិតផងដែរ ។
ចំណែកលោកមាឃ ឬទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីក៏បានឱ្យដឹងផងដែរថា តម្លៃដីធ្លីនៅក្នុងខេត្តមណ្ឌលគីរីបានហក់ឡើងខ្ពស់ ក្រោយពេលមានវិនិយោគិនក្នុងស្រុកជាច្រើន ស្វែងរកទិញដីសម្រាប់អភិវឌ្ឍន៍ ជាផ្ទះលំហែកាយក៏ដូចជារីសតជាដើម ។

លោកបន្តថា “កាលពីមុនដីធ្លីក្នុងតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគីរី មិនសូវមានការចាប់អារម្មណ៍តម្លៃក៏ទាប តែពេលនេះតម្លៃបានហក់ឡើងមួយគុណជាពីរជាបីក៏មានដែរ ជាពិសេសនៅតំបន់ជិតរមណីយដ្ឋាន និងនៅជិតច្រកព្រំដែនកម្ពុជាវៀតណាម”។

លោកបន្តថា នៅពេលអនាគតខាងមុខនេះ ការវិនិយោគលើលំនៅឋានលំហែកាយក្នុងខេត្តមណ្ឌលគីរី នឹងកាន់តែមានច្រើនឡើង ហើយតម្រូវការដីធ្លី សម្រាប់អភិវឌ្ឍន៍ក៏នឹងមានច្រើន ដូច្នេះតម្លៃក៏កើនឡើងខ្ពស់ដែរ ជាពិសេសនៅពេលគម្រោងព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគីរីចាប់ផ្ដើមសាងសង់៕