ដោយៈសុខុម
បាងកក: រដ្ឋាភិបាលថៃ បានបង្កើតក្រុមការងារមួយស្នើឡើងដោយក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរ ជាមួយអាជ្ញាធរដឹកជញ្ជូនក្នុងប្រទេសឡាវ លើផែនការស្ថាបនាផ្លូវដែក ដែលតភ្ជាប់ប្រទេសជិតខាងទាំងពីរ។
យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ គឺជាផ្នែកមួយនៃគម្រោង ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដែលតភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃ ជាមួយផ្លូវដែកឡាវ-ចិន ដែលតភ្ជាប់ទីក្រុងគុនមីង (Kunming) ក្នុងខេត្តយូណាន (Yunnan) ប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
នៅប្រទេសថៃ គម្រោងនេះចែកចេញជា៣ ដំណាក់កាលគឺ៖ កំណាត់ផ្លូវដែកបាងកក-នគររាជសីមា (Bangkok-Nakhon Ratchasima) ប្រវែង២៥៣គីឡូម៉ែត្រ។ កំណាត់ផ្លូវដែកនគររាជសីម៉ា-ណងខៃ (Nakhon Ratchasima-Nong Khai) ប្រវែង៣៥៦គីឡូម៉ែត្រ និងកំណាត់ផ្លូវដែកណងខៃ-វៀងចន្ទន៍ (Nong Khai-Vientiane) ប្រវែងគីឡូម៉ែត្រ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ កាលពីថ្ងៃអង្គារ ទី២៨ ធ្នូ លោក Saksayam Chidchob រដ្ឋមន្ត្រីដឹកជញ្ជូន បានស្នើឱ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា តែងតាំងឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul ជាប្រធានក្រុមការងារខាងលើនេះ ដើម្បីទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម កសិកម្ម និងសហករណ៍ ក្រសួងឧស្សាហកម្ម ក្រសួងហិរញ្ញវត្ថុ និងក្រសួងដឹកជញ្ជូនរបស់ឡាវ។
ក្រុមការងារនេះ នឹងផ្តល់ការរួមបញ្ចូលទិន្នន័យស្តីពី លទ្ធកម្ម និងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីដាក់បញ្ចូលក្នុងផែនការ សម្រាប់ផ្លូវដែកនេះដែលតភ្ជាប់ប្រទេសថៃ និងប្រទេសឡាវ។
កិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះថៃ-ចិន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្លូវដែកក្នុងឆ្នាំ២០១៩ បានព្រមព្រៀងលើការសាងសង់ស្ពានថ្មីមួយសម្រាប់គម្រោងនេះ ចម្ងាយប្រមាណ៣០ម៉ែត្រ ពីស្ពានមិត្តភាពថៃ-ឡាវ។
ប្រទេសថៃ ប្រទេសឡាវ និងប្រទេសចិន ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) មួយស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែកផងដែរ។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុនផ្លូវដែកគ្រប់គ្រងដោយរដ្ឋ State Railway of Thailand បានព្រមព្រៀងចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុនចិន China Railway Design Corp និងក្រុមហ៊ុនចិន China Railway International Corp៕ Bangkok Post៕