ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ឆ្នាំ២០២២នេះ តម្រូវការដីធ្លីសម្រាប់វិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា នៅតែមានសក្ដានុពល និងទីផ្សារខ្ពស់សម្រាប់វិនិយោគិនក្នុងស្រុក ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍតំបន់ជុំវិញរាជធានី ដើម្បីទាក់ទាញការវិនិយោគឯកជនផងដែរ។

-->
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៣ មករាកន្លងមកថា ដីធ្លីនៅក្នុងព្រះរាជាណាចកក្រកម្ពុជាយើង ជាពិសេសនៅតាមបណ្ដាជាយរាជធានីភ្នំពេញ នៅតែបន្តមានសក្ដានុពលខ្ពស់ សម្រាប់ការវិនិយោគ ហើយអ្នកវិនិយោគភាគច្រើន គឺជាអ្នកវិនិយោគនៅក្នុងស្រុក ដោយសារតែ គោលនយោបាយរបស់រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្ដានុពលក្នុងការអភិវឌ្ឍនេះ។

លោកបន្តថា “តាមយន្តការនៃការរីកជារង្វង់មូល៣៦០ដឺក្រេ ដែលធ្វើឱ្យដីនៅជុំវិញរាជធានីភ្នំពេញ នៅតែបន្តកើនឡើងតម្លៃ”។ លោកបន្តថា “តាមយន្តការនៃការពង្រីកផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងទី៤ គឺជាយន្តការក្នុងការអភិវឌ្ឍក្នុងពេលអនាគត ហើយជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ យើងមើលឃើញពីការអភិវឌ្ឍតំបន់ថ្មី កើតមានឡើងភាគច្រើន នៅក្នុងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ហើយនិងបណ្ដាផ្នែកខ្លះនៃខេត្តកំពង់ចាមជាដើម ”។
លោកច្រឹក សុខនីម បានបន្តថា សម្រាប់ខេត្តកណ្ដាល និខេត្តកំពង់ស្ពឺលោកមើលឃើញថា ជាតំបន់ដែលនឹងមានការអភិវឌ្ឍ ទៅលើជាតំបន់លំនៅឋាន និងឧស្សាហកម្ម ដោយសារតែតំបន់ទាំងនេះ វាមានទីតាំងនៅជិតខេត្តព្រះសីហនុ ដែលជាតំបន់កំពង់ផែស្វយ័តទឹកជ្រៅ តែមួយរបស់ព្រះរាជណាចក្រកម្ពុជា និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ទំនិញទៅកាន់កំពង់ផែទឹកជ្រៅ ។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេត បានមានប្រសាសន៍ថា ការវិនិយោគដីធ្លីដែលអាចរកប្រាក់ចំណេញបាន គឺការវិនិយោគនៅតំបន់ជាយៗរាជធានី ហើយខេត្តកំពង់ស្ពឺ គឺជាតំបន់ ដែលមានសក្ដានុពលមួយក្នុងការវិនិយោគដីធ្លី ។
លោកបន្តថា “ការវិនិយោគដីធ្លីនៅតំបន់ជិតៗ ឬនៅកណ្ដាលរាជធានីភ្នំពេញ មានឱកាសចំណេញតិចតួច តែការវិនិយោគនៅតំបន់ជាយៗ ឬឆ្ងាយពីរាជធានី មានឱកាសក្នុងការចំណេញច្រើន និងប្រើរយៈពេលខ្លីប៉ុណ្ណោះ”៕