ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ឆ្នាំ២០២១នេះកន្លងទៅថ្មីៗនេះ បានធ្វើឱ្យវិស័យជាច្រើនបានរងផលប៉ះពាល់ ហើយរហូតដល់ចុងឆ្នាំ អ្វីៗក៏បានផ្លាស់ប្តូរជាវិជ្ជមានបន្តិច ក្រោយពេលរដ្ឋាភិបាល បានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ ។

ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ឆ្នាំ២០២១នេះកន្លងទៅថ្មីៗនេះ បានធ្វើឱ្យវិស័យជាច្រើនបានរងផលប៉ះពាល់ ហើយរហូតដល់ចុងឆ្នាំ អ្វីៗក៏បានផ្លាស់ប្តូរជាវិជ្ជមានបន្តិច ក្រោយពេលរដ្ឋាភិបាល បានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ ។

សម្រាប់វិស័យអចលនទ្រព្យឃើញថា ក៏បានរងផលប៉ះពាល់មួយចំនួនផងដែរ ជាក់ស្ដែងការទិញលំនៅឋាន ដើម្បីវិនិយោគក្នុងឆ្នាំ២០២១កន្លងទៅនេះ ឃើញថាមានការថមថយគួរឱ្យកត់សម្គាល់។
លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ ពិតជាមានផលប៉ះពាល់មួយចំនួនក្នុងបរិបទកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ឃើញថាមានការថមថយខាងវិស័យលំនៅឋានដីធ្លី និងពាណិជ្ជកម្មពិតមែន តែសម្រាប់តម្លៃទីផ្សារមិនមានការថមថយខ្លាំងនោះទេ គឺថយតែសកម្មភាពនៃការទិញលក់ប៉ុណ្ណោះ ។
លោកបន្តថា “ទីផ្សារលំនៅឋាននិយាយដោយឡែកឃើញថា ការវិនិយោគទិញលំនៅដ្ឋាន ដើម្បីវិនិយោគមានការថមថយមួយកម្រិត ។ ទោះបីជាមានសកម្មភាពនៃការទិញលំនៅដ្ឋាន ដើម្បីវិនិយោគនេះមានការថមថយតិចតួចក៏ពិតមែន ប៉ុន្តែសម្រាប់ដំណើរការសាងសង់ មិនមានការថមថយនោះទេ”។
លោកបន្តថា “សម្រាប់អតិថិជនដែលមានតម្រូវការទិញលំនៅឋានសម្រាប់ស្នាក់នៅ នៅតែមានកំណើនកើនឡើងដដែល តែការទិញដើម្បីទុកចំណេញបានថយចុះវិញ ដោយសារតែចរន្តនៃហិរញ្ញវត្ថុរបស់ពួកគាត់មានកម្រិត និងទុកសម្រាប់ដោះស្រាយបញ្ហាផ្គត់ផ្គង់ ជីវភាពគ្រួសា រក្នុងពេលមានវិបត្តិ នៃការរាតត្បាតជាពិសេស ក្នុងពេលបិទខ្ទប់តំបន់មួយចំនួន”។
លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិល ក៏បានមានប្រសាសន៍កន្លងទៅនេះថា សកម្មភាពនៃការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជា នៅក្នុងបរិបទកូវីដ១៩នេះ ឃើញថានៅតែមាន ខណៈតម្រូវការលំនៅឋានពីសំណាក់ប្រជាពលរដ្ឋ ដែលត្រូវការលំនៅឋានស្នាក់នៅក៏នៅតែមានដដែល ។
លោកឧកញ៉ាបន្តថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ន ត្រូវគិតគូរពីតម្រូវការទីផ្សារច្បាស់លាស់ជាមុនសិន ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បើចេះតែសង់ដោយមិនបានសិក្សាច្បាស់លាស់ នោះនៅពេលអនាគត បុរីមួយចំនួននឹងមានតែផ្ទះតែមិនមានមនុស្សរស់នៅ។ ដើម្បីឱ្យអតិថិជនទិញលំនៅឋានហើយចូលទៅស្នាក់នៅ អ្នកអភិវឌ្ឍន៍ត្រូវមើលទៅលើទីតាំងណា មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានប្រព័ន្ធទឹក ភ្លើង ផ្លូវ និងបង្កបរិយាកាសល្អសម្រាប់អ្នករស់នៅក្នុងបុរីនោះ។
អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា ទីផ្សារលំនៅដ្ឋាន ពិតជាបានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩កាលពីឆ្នាំមុន ហើយសកម្មភាពវិនិយោគបានថយចុះ ប៉ុន្តែបានកើនឡើងវិញកាលពីចុងឆ្នាំមុន ដោយសមាជិកសមាគមធំៗ បានចាប់ផ្តើមវិនិយោគគំរោងរបស់ពួកគេឡើងវិញ។
ទាក់ទងការទិញលំនៅដ្ឋាន ដើម្បីវិនិយោគអ្នកឧកញ៉ាលី ហួរបានយល់ស្រប ដោយលោកបានមានប្រសាសន៍ថា ការទិញលំនៅដ្ឋានដើម្បីវិនិយោគ អាចជាហានិភ័យ បើសិនជាលក់មិនចេញ ប៉ុន្តែបើសិនជាអ្នកទិញសំរាប់រស់នៅមិនមានបញ្ហានោះទេ ហេតុនេះសូមអ្នកវិនិយោគគិតឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញ ឬវិនិយោគលើផ្នែកអ្វីមួយ៕