មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយស្ថិតលើផ្ទៃដីជាង៦០០០ហិកតានឹងលេចវត្តមាននៅខេត្តកោះកុង

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ នឹងធ្វើការវិនិយោគលើគម្រោងពហុបំណងលើផ្ទៃដី ទំហំជាង៦១៤៥ហិកតា ក្នុងឧទ្យានជាតិបទុមសាគរនៃខេត្តកោះកុង បន្ទាប់ពីទទួលបានភ្លើងខៀវពីអាជ្ញាធរខេត្ត ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅកាន់ខេត្តនេះកាន់​តែច្រើន។

លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ថា គម្រោងនេះត្រូវបានស្រុកទាំង២ គឺស្រុកបទុមសាគរ និងស្រុកគិរីសាគរ ព្រ​មទាំងរដ្ឋបាលខេត្ត និងក្រសួងបរិស្ថានឯកភាពគ្នារួចហើយ ប៉ុន្តែលោកមិនទាន់ដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការសាងសង់ ឬអភិវឌ្ឍនៅពេលណា និងចំណាយទុនវិនិយោគប៉ុន្មាននោះទេ។

លោកបន្តថា “គម្រោងពហុបំណងដែលក្រុមហ៊ុនដាក់ចេញ សម្រាប់ធ្វើការអភិវឌ្ឍនេះនឹងផ្តោតសំខាន់ ទៅលើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មណ្ឌលកម្សាន្ត រមណីយដ្ឋាន និងរៀបចំទៅជាកន្លែងសម្រាប់បម្រើឱ្យការវិនិយោគ និងទេសចរណ៍រួមជាមួយគម្រោងជាច្រើនទៀត”។

បើតាមលោក អ៊ុក ភក្ត្រា នេះគ្រាន់តែជាការឯកភាពគ្នារបស់ថ្នាក់ស្រុក ខេត្ត និងក្រសួងបរិស្ថានប៉ុណ្ណោះ បន្ទាប់ពីចុះត្រួតពិនិត្យជាក់ស្តែងចំពោះទំហំដី និងទីតាំងត្រូវវិនិយោគ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែមិនទាន់មានការឯកភាពពីរាជរដ្ឋាភិបាលនៅឡើយទេ។

លោកថ្លែងថា “គម្រោងនេះ នឹងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ប្រជាពល​រដ្ឋនៅមូលដ្ឋាន ក៏នឹងទទួលបាននូវផលប្រយោជន៍ ពីគម្រោងនេះផងដែរ”។ លោកបន្តថា “មិនថាវិនិយោគនៅក្រៅស្រុក ឬក្នុងស្រុកទេឱ្យតែមកវិនិយោគពិតប្រាកដ គឺជាភាពជោគជ័យមួយហើយសម្រាប់ខេត្ត ហើយវាក៏បានជួយអភិវឌ្ឍខេត្តផងដែរ”។

លោកអ៊ុក ភក្ត្រា នៅក្នុងតំបន់នេះ ក៏មានគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើនផងដែរ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត។

ទោះយ៉ាងណាក្តី លោកមានប្រសាសន៍ថា រដ្ឋបាលខេត្តស្នើឱ្យក្រុមហ៊ុនអនុវត្តការងារ ឳ្យស្របទៅនឹងច្បាប់ស្តីពីការវិនិយោគ និងគោលការណ៍នានា ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រុមហ៊ុន ហើយត្រូវសិក្សាផលប៉ះពាល់នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ធានាថាគម្រោងវិនិយោគនេះនឹងគ្មាន រឺមានផលប៉ះពាល់អវិជ្ជមានកម្រិតទាបបំផុត ទៅលើបរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here