ដីធ្លីនៅស្វាយជ្រុំនឹងហក់ឡើងខ្ពស់បន្ថែមទៀត ពេលរដ្ឋាភិបាលប្រកាសគម្រោងសាងសង់ស្ពាន

0

ដោយៈ សុធារី

កណ្តាលៈ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២២ សម្រេចជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញទៅស្វាយជ្រុំ អ្នកជំនាញមើលឃើញថា តម្លៃដីធ្លីនៅស្វាយជ្រុំ នឹងឡើងថ្លៃបន្ថែមទៀត ទោះបីជាដីនៅទីនោះ កំពុងតែឡើងថ្លៃស្រាប់ហើយក្តី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ មករាកន្លងមកថា ដីនៅតំបន់ស្វាយជ្រុំ បានឡើងថ្លៃម្តងរួចមកហើយ កាលពីឆ្នាំមុន ក្រោយរាជរដ្ឋាភិបាលប្រកាស ពីគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គពីភ្នំពេញតភ្ជាប់ទៅស្វាយជ្រុំ។

អ្នកជំនាញអចលនទ្រព្យរូបនេះបន្តថា “ប្រសិនបើគម្រោងសាងសង់ស្ពាននេះចេញជារូបរាង តម្លៃដីនៅតំបន់នេះ អាចនឹងឡើងថ្លៃបន្ថែមទៀត ពោលគឺគុណនឹងបី”។ លោកបន្តថា “តំបន់ស្វាយជ្រុំ និងកោះខ្យងវាហាក់ដូចជា ផ្នែកមួយនៃកោះពេជ្រជំនាន់ដើម។ ប្រសិនបើមានស្ពានកើតឡើងតម្លៃដីអាចនឹងផ្ទុះ សព្វថ្ងៃនេះតម្លៃ១ម៉ែត្រការ៉េចន្លោះពី៤០ ដុល្លារទៅ៥០ដុល្លារ និងតំបន់ខ្លះជាង១០០ដុល្លារ ហើយបើសិនជាស្ពានកើតឡើងមែន តម្លៃដីនឹងហក់ឡើងគុណនឹងពីរ ឬគុណនឹងបី”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីបើកការដ្ឋា​នស្តារ និងសាងសង់ផ្លូវលេខ៤៨កាលពីថ្ងៃទី៣ មករាកន្លងមកនេះបានមានមានប្រសាសន៍ថា តំបន់អរិយក្សត្រ នឹងក្លាយជាតំបន់ទីក្រុងរណបនិងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់។

លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាបានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជា​តិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករាថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here