វៀតណាមដាក់សម្ពោធឧទ្យានចម្លាក់ APEC Sculpture Park នៅក្រុងដាណាងស្វាគមន៍ទេសចរ

0

ដោយៈសុខុម

ដាណាង: ប្រទេសវៀតណាម បានដាក់សម្ពោធឧទ្យានចម្លាក់ APEC Sculpture Park នៅក្នុងទីក្រុងភាគកណ្តាលដាណាង (Đà Nẵng) ជាកន្លែងបង្អួតស្នាដៃស្ថាបត្យកម្ម និងជាតំបន់ទេសចរណ៍។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១០ មករា ឱ្យដឹងថា នេះគឺជាការពង្រីកបន្ថែម នៃឧទ្យាន APEC Park ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ នៅច្រាំងខាងលិចនៃទន្លេហាន (Hàn River)។

អាជ្ញាធរនៃទីក្រុងនេះនិយាយថា ឧទ្យានដែលត្រូវបានបង្កើតឡើងនៅលើផ្ទៃដី៨.៦០០ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគសរុប ចំនួន៣៣លានដុល្លារអាមេរិកខាងលើនេះ រំលេចនូវគ្រោងដែកដ៏ធំមួយ មានរាងជាខ្លែងហោះនៅកណ្ដាលវាល។ នេះអាចចាត់ទុកជាស្នាដៃស្ថាបត្យកម្ម ដ៏គួរឱ្យស្ញប់ស្ញែងមួយ សម្រាប់បង្អួតភ្នែកភ្ញៀវទេសចរ និងអ្នកស្រុក។

ឧទ្យាននេះ ផ្ដល់នូវកន្លែងសម្រាប់ដាក់តាំងវត្ថុអនុស្សាវរីយ៍ តំបន់បៃតង ការតុបតែងស្នាដៃសិល្បៈ ការតាំងពិពណ៌សាធារណៈដោយឥតគិតថ្លៃ និងជាប្រភពទឹកនៅចន្លោះស្ពានRồng និងសារមន្ទីរចម្លាក់ចាម (Chàm Sculpture Museum)។

នេះគឺជាការពង្រីកបន្ថែមនៃឧទ្យាន APEC Park ដែលដំបូងឡើយក្រុងដាណាង បានបង្កើតសួនចម្លាក់​​​​ លើផ្ទៃដីត្រឹមតែ៣.០០០ម៉ែត្រការ៉េបុណ្ណោះ សម្រាប់ស្វាគមន៍ការបើកកិច្ចប្រជុំកំពូល APEC កាលពីឆ្នាំ២០១៧ នៅក្នុងទីក្រុងនេះ ជាមួយនឹងការដាក់តាំងបង្ហាញ រូបចម្លាក់ចំនួន១៨ ដែលបានពីបណ្ដាប្រទេសជាសមាជិក APEC។

ក្រុងដាណាង សង្ឃឹមថា ឧទ្យាននេះ នឹងក្លាយតំបន់ទេសចរណ៍ ដែលភ្ញៀវទេសចរ និងអ្នកស្រុកមកលេងកម្សាន្តនៅថ្ងៃចុងសប្តាហ៍។

ក្រុងដាណាង ក៏បានបង្កើតកន្លែងសម្រាប់ការសម្តែងសិល្បៈ តាមផ្លូវនៅតាមដងទន្លេហាន ផ្លូវថ្មើរជើង Bạch Đằng និងផ្សាររាត្រីមួយ ដែលនៅចន្លោះស្ពាន Hàn Swing និងស្ពាន Rồng ដ៏ល្បីល្បាញផងដែរ។

ទន្ទឹមនេះ កន្លែងសិល្បៈមួយ ក៏ត្រូវបានបង្កើតឡើងនៅត្រើយខាងកើតនៃស្ពាន Rồng ដែលជាផ្នែកមួយនៃកម្មវិធី សម្ដែងសិល្បៈតាមដងផ្លូវធម្មតារបស់ទីក្រុងនៅចុងសប្តាហ៍។

ទីក្រុងនេះបាននិងកំពុងដាំដើមឈើ​ នៅតាមសួនសាធារណៈ និងតំបន់លំនៅដ្ឋាននានា ដែលជាផ្នែកមួយនៃការពង្រីកក្រុង យ៉ាងឆាប់រហ័ស ខណៈក្រុងដាណាង មានគម្រោងក្លាយទៅជា “ទីក្រុងបៃតង និងឆ្លាតវៃ” នៅឆ្នាំ២០៣០៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here