អាផាតម៉ិនប្រណីតទទួលបាន​ការ​ពេញ​និយម​បំផុត​ក្នុង​ទីផ្សារអាផាតម៉ិនក្នុងក្រុងហូជីមិញក្នុង​ឆ្នាំនេះ

0

ដោយ សុខុម

ហូជីមិញ៖​ អាផាតម៉ិនប្រណីត និងអាផាតម៉ិនលំដាប់មធ្យមនឹងបន្តនាំមុខទីផ្សារនៅឆ្នាំ២០២២ នេះ ខណៈអាផាតម៉ិនតម្លៃធូរថ្លៃនឹងនៅតែក្សត់។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៥ មករា។

ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ដល់ប្រឹក្សាអចលនទ្រព្យ DKRA Vietnam Joint Stock Company ស្តីពីទីផ្សារលំនៅដ្ឋាននៅទីក្រុងហូជីមិញ និងបណ្ដាខេត្តជុំវិញក្នុងឆ្នាំ២០២១ បង្ហាញថា គម្រោងអាផាតម៉ិនដែលបានចូលក្នុងទីផ្សារមានចំនួន៤១គម្រោង ដែលគិតជាយូនីតសរុបប្រមាណ២១.១៣៨យូនីត ដោយភាគច្រើនស្ថិតនៅក្រុងហូជីមិញ និងខេត្ត Bình Dương។

យោងតាមទិន្នន័យបង្ហាញថា គម្រោងទាំងនោះលក់បានចំនួន១៧.១២២យូនីត។

នៅក្រុងហូជីមិញ ការផ្គត់ផ្គង់ និងតម្រូវការបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២០ ហើយបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។

អាផាតម៉ិនប្រណីតនៅក្នុងទីក្រុងបាននេះបានហក់ឡើងថ្លៃមួយកម្រិតទៀត រហូតដល់ទៅជិត៤០០លានដុង (១៧.៥៥៥ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

យោងតាមក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យមួយផ្សេងទៀតឈ្មោះ Cushman & Wakefield បង្ហាញថា តាមការរំពឹងទុក អាផាតម៉ិនថ្មីៗចន្លោះពី២៥.០០០យូនីតទៅ៣០.០០០យូនីតនឹងហក់ចូលក្នុងទីផ្សារក្រុងហូជីមិញ នៅឆ្នាំនេះ ដោយភាគច្រើនជាអាផាតម៉ិនលំដាប់ប្រណីត និងលំដាប់ខ្ពស់ ហើយការឆានែល ឬ បណ្ដាញលក់តាមប្រព័ន្ធអនឡាញនឹងនៅតែពេញនិយម។

តម្លៃជាមធ្យមនៃអាផាតម៉ិនប្រណីត និងលំដាប់ខ្ពស់បានកើនឡើងលើស១៤៣,៦លានដុង (៦.២៦៦ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ ដោយកើនឡើង២៣%។ ទន្ទឹមនេះអាផាតម៉ិនលំដាប់មធ្យមមានតម្លៃ៥៦,៧លានដុង (២.៤៧៤ដុល្លារអាមេរិក) ហើយយូនីតតម្លៃធូរថ្លៃមានតម្លៃ៤០,៩លានដុង (១,៧៨៥ដុល្លារអាមេរិក) ដោយកើនឡើង១៥%។

យោងតាមក្រុមហ៊ុន Cushman & Wakefield ឱ្យដឹងថា ចំនួនសរុបនៃអាផាតម៉ិនទាំងចាស់ទាំងថ្មីដែលលក់បានក្នុងត្រីមាសចុងក្រោយគឺមានចំនួនជិត៣.០០០យូនីត ដោយអាផាតម៉ិនលំដាប់មធ្យមមានចំណែក៨២% ហើយអាផាតម៉ិនលំដាប់ខ្ពស់មានចំណែក១១%។

ទោះជាយ៉ាងណា គ្មានគម្រោងអាផាតម៉ិនថ្មីៗត្រូវបានលក់ចេញទេ។

អាផាតម៉ិនលំដាប់ខ្ពស់គឺជាអាផាតម៉ិនដែលស្ថិតក្នុងទីតាំងល្អមានហាងឆេងខ្ពស់ ហើយមានតម្លៃលើសពី៣.០០០ដុល្លារអាមេរិក ចំណែកឯអាផាតម៉ិនលំដាប់មធ្យមស្ថិតនៅក្នុងទីតាំងងាយស្រួលចេញចូលដែលមានតម្លៃចន្លោះពី១.៨០០ដុល្លារអាមេរិក ដល់៣.០០០ដុល្លារអាមេរិក ហើយអាផាតម៉ិនតម្លៃធូរថ្លៃគឺលក់ក្រោម១.៨០០ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here