ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន គាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗ ក្នុងនោះដែរ អ្នកអភិវឌ្ឍន៍មួយចំនួនឃើញថាបន្តអភិវឌ្ឍន៍តាមរបៀបចាស់ខណៈមួយចំនួនធំ បានផ្លាស់ប្តូរពីរបៀបចាស់ទៅអភិឌ្ឍន៍តាមរបៀបថ្មីវិញ។
ជាការកត់សម្គាល់ ការអភិវឌ្ឍន៍ដីឡូតិ៍កាលពី៥ឆ្នាំមុនឃើញថាសកម្មខ្លាំងបំផុតទៅលើគម្រោងដីឡូតិ៍ ដែលមានទំហំ៥ម៉ែត្រគុណនឹង២០ម៉ែត្រ សំដៅដល់ការផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋក្នុងការសង់ផ្ទះ ឬហៅថាដីលំនៅឋាន ពីព្រោះជាដីតូចៗ។ ការអភិវឌ្ឍដីឡូតិ៍ប្រភេទនេះឃើញថាមានការទទួលស្គាល់និងគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋដែលកំពុងត្រូវការដីសម្រាប់សង់លំនៅឋាន និងជាប្រជាពលរដ្ឋប្រាក់ចំណូលទាបនិងមធ្យម។
រហូតមកដល់ពេលនេះ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ក៏ចាប់ផ្ដើមប្រែយុទ្ធសាស្ត្រថ្មី ជាពិសេសអ្នកអភិវឌ្ឍន៍ថ្មីៗទៅលើប្រភេទដីឡូត៏ ដោយមួយចំនួនបានឈប់អភិវឌ្ឍន៍ដីដែលមានទំហំតូចៗនិងងាកទៅរកការអភិវឌ្ឍន៍ដែលមានទំហំធំៗ ហើយដាំដំណាំ លើដីនោះដូចជាដាំដូង ដាំស្វាយនិងដំណាំ ហូបផ្លែដទៃទៀតសម្រាប់ធ្វើជាដីលំហែ និងមានទីតាំងឆ្ងាយពីទីប្រជុំជន។
លោក ចេ សុន អ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយរូបនៅជាយរាជធានីភ្នំពេញ បានឱ្យដឹងថា ពេលនេះ ដីឡូតិ៍ដែលមានទំហំ៥គុណ២០ម៉ែត្រ ទីផ្សារមានការធ្លាក់ចុះខ្លាំងបើធៀបនឹងរយៈកាលកន្លងមក ដោយអ្នកអភិវឌ្ឍន៍មួយចំនួនបានងាកទៅរកការអភិវឌ្ឍដីឡូតិ៍ ដែលមានទំហំធំៗ និងនៅឆ្ងាយពីរាជធានីភ្នំពេញ សម្រាប់ទុកជាទីតាំងលំហែកាយរបស់អតិថិជន។ ដោយឡែក ដីឡូតិ៍ ៥គុណ២០ម៉ែត្រគឺមានអភិវឌ្ឍន៍តិចតួចនៅតំបន់ជិតៗរាជធានីភ្នំពេញ តែមិនគក្រឹកគក្រេងដូចពីមុនទៀតឡើយ។
លោកបន្តថា សម្រាប់លោកដែលជាអ្នកអភិវឌ្ឍន៍ដីឡូតិ៍យូរឆ្នាំមកហើយនោះ ដីឡូតិ៍ទំហំ ៥គុណនឹង២០ម៉ែត្រក៏នៅតែបន្តធ្វើវា និងបានងាករទៅកដីដែលមានទំហំធំៗ និងដាំដំណាំ នៅលើដីនោះជូនអតិថិជនអ្នកទិញដីនោះផងដែរ ហើយសកម្មភាពនេះក៏កាន់តែមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។
លោក ហ៊ិន រស់ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ចំការលំហែ ភូមិចំការដូងរីសតក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ទំហំត្រឹម៥គុណ២០ម៉ែត្រគឺពិបាករកទីផ្សារបន្តិចហើយ ដោយអ្នកទិញដីឡូតិ៍ឥឡូវគេរកដីធំៗបន្តិចដើម្បីដាំដំណាំបាន និងសង់ជាផ្ទះសម្រាប់លំហែកាយបាន ដូច្នេះទើបលោកក៏បានអភិវឌ្ឍន៍ដីឡូតិ៍ទៅជាដីចំការលំហែដែលមានទំហំធំៗជាងពីមុន៕