ដោយៈជេស៊ីកា
ភ្នំពេញៈ គំរោងអាគារខ្ពស់កប់ពពក ដែលនឹងជា Land Mark ខ្ពស់់ជាងគេនៅទីក្រុងកោះនរា បាននិងកំពុងរៀបចំរចនាប្លង់ ស្ថាបត្យកម្មឡើងវិញ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គម កាលពីរសៀលថ្ងៃទី១៨ មករាកន្លងមកថា ប្លង់ស្ថាបត្យកម្មអាគារខ្ពស់ជាងគេ ដែលគ្រោងសាងសង់នាពេលខាងមុខ បាននិងកំពុងសិក្សារចនាប្លង់ពីរឬបីទៀត ដើម្បីមានជ្រើសរើសយកមួយមកសាងសង់ ដែលមានភាពអស្ចារ្យ និងស្ញប់ស្ញែង។
លោកបន្តថា “ប្លង់ស្ថាបត្យកម្មដែលបានគូរ និងដាក់បង្ហាញកន្លងមក ត្រុវបានគេផ្តល់យោបល់មួយចំនួនថា អគារនេះមិនសូវមានភាពទាក់ទាញ និងមិនសូវស្អាតជាដើម”។លោកបន្តថា “តាមផែនការការសាងសង់អគារកប់ពពកនេះ អាចនឹងមិនចាប់ផ្តើមនៅឆ្នាំនេះនៅឡើយទេ”។
ទោះជាយ៉ាងណា លោកទូច សំណាងមិនបានបញ្ជាក់ឲ្យដឹងពីអគារពាណិជ្ជកម្មនេះ មានកំពស់ប៉ុន្មានជាន់ ស្មើនឹងរយៈកំពស់ប៉ុន្មានរយម៉ែត្រនៅឡើយទេ។
ទីក្រុងកោះនរា កំពុងវិនិយោគដោយក្រុមហ៊ុន OCIC មានទំហំផ្ទៃដីសរុប១២៥ហិកតា ដែលបច្ចុប្បន្ននេះការរៀបចំសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋទាំងមូលនៃគំរោងនេះ សម្រេចបានប្រមាណ៥០ភាគរយហើយ៕